កូរ៉េខាងត្បូង ថា កូរ៉េខាងជើង សំងំផលិតនុយក្លេអ៊ែរ ២០ គ្រាប់ក្នុងមួយឆ្នាំ បង្កគ្រោះថ្នាក់ដល់ពិភពលោក

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចេញការព្រមានធ្ងន់ថា កូរ៉េខាងជើងកំពុងសំងំផលិតសារធាតុនុយក្លេអ៊ែរ ដែលគ្រប់គ្រាន់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរពី ១០ ទៅ ២០ គ្រាប់ក្នុងមួយឆ្នាំ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ, លោក Lee Jae Myung និយាយថា មហិច្ឆតាផលិតគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង អាចនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។

ក្រៅពីសំងំផលិតគ្រាប់នុយក្លេអ៊ែរ, កូរ៉េខាងជើងក៏កំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកផងដែរ ។

លោក Lee Jae Myung បញ្ជាក់ថា សមត្ថភាពមីស៊ីលផ្លោង ICBM របស់កូរ៉េខាងជើង មិនត្រឹមតែបង្កការគំរាមកំហែងដល់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ពិភពលោកទាំងមូលផងដែរ ដូច្នេះពិភពលោកត្រូវការវិធីសាស្ត្រប្រាកដនិយមមួយ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ។

បើតាមសារព័ត៌មាន The Straits Times, កូរ៉េខាងជើងបានចំណាយពេលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទៅលើកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដោយលើកហេតុថា ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។

តួយ៉ាង កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ ២០០៦ ដោយរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយគិតមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេជឿជាក់ថា ទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់នៅក្នុងដៃ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner