រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ថាឆ្នាំនេះមិនមានកម្មវិធីជំនួបរវាងនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មានទេ

ភ្នំពេញ៖កម្មវិធីជំនួបរវាងសម្ដេចធិបតីនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ តាមទម្លាប់តែងរៀបចំជារៀងរាល់ឆ្នាំនោះ ឆ្នាំនេះមិនមានការរៀបចំកម្មវិធីនោះទេ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានពន្យល់ជុំវិញការពុំបានរៀបចំកម្មវិធីជំនួបរវាងសម្ដេចធិបតីនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌នៅថ្ងៃទី៣ ខែឧសភាខាងមុខថា ឯកឧត្តមបានស្នើសុំការលើកពេល ហើយសម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានឯកភាពដែរ។ ឯកឧត្តមបន្ថែមថា យើងអត់មានការជួបជុំជាទ្រង់ទ្រាយធំ ៥ពាន់នាក់ ៦ពាន់នាក់ដូចឆ្នាំកន្លងទៅនោះទេ ដោយសារតែប្រទេសជាតិរបស់យើងជួបប្រទះនូវការឈ្លានពាន។ ដូច្នេះ យើងសន្សំសំចៃថវិកាដើម្បីយកទៅជួយដល់ជនភៀសសឹករបស់យើង ,យកទៅជួយសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានបំផ្លិចបំផ្លាញដោយកងទ័ពឈ្លានពានរបស់ថៃ។

ពីវេទិកានេះរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានសូមការយោគយល់ពីអ្នកសារព័ត៌មាន ពីព្រោះយើងនៅមានពេលវេលាធ្វើច្រើនទៀតសម្រាប់ការរៀបចំកម្មវិធីនេះ។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃបានអនុញ្ញាតឱ្យរៀបចំកម្មវិធីជំនួបរវាងអ្នកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដីនៅរៀងរាល់ថ្ងៃទី១៤ ខែមករា ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា និងការលើកឡើងពីបញ្ហានានា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។ចាប់តាំងពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដី ត្រូវបានធ្វើឡើងចំនួន៧លើករួចមកហើយ ប៉ុន្តែត្រូវបានខកខានការប្រារព្ធនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដោយឡែកអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ជំនួបជាមួយអ្នកសារព័ត៌មានត្រូវបានប្តូរមកធ្វើនៅថ្ងៃទី៣ ខែឧសភាជារៀងរាល់ឆ្នាំវិញ ដើម្បីឳ្យស្របជាមួយទិវាសេរីភាពសារព័ត៌មាន៕

ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក រិនរចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner