កម្ពុជា គាំទ្រចំពោះការរួមចំណែករបស់អង្គការយូណេស្កូ ក្នុងការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រចំពោះការរួមចំណែកដ៏មានតម្លៃ របស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំង នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាព សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ នវានុវត្តន៍ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ ។
ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេស របស់អង្គការយូណេស្កូ ក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែមិនមានការលើកឡើងថា យូណេស្កូ នឹងមានវិធានការ ឬផ្ដល់ជំនួយអ្វីទៀតសម្រាប់ជួសជុលប្រាសាទ ដែលទទួលរងខូចខាតយ៉ាងធ្ងន់ធ្ងរ ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្មានប្រទេសណាមួយ ស្គាល់ច្បាស់អំពីតម្លៃ នៃសន្តិភាព ជាងប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការយូណេស្កូ នាពេលខាងមុខ ។
ឯកឧត្ដម Flavio Bonetti បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានចាត់ ឱ្យមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់លោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចអភិរក្សបេតិកភណ្ឌ និងវិស័យពាក់ព័ន្ធនានា ដូចជាវិស័យអប់រំ បរិស្ថាន វិទ្យាសាស្ត្រ នវានុវត្តន៍ ព្រមទាំងការលើកកម្ពស់ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដម Flavio Bonetti ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង អង្គការយូណេស្កូ ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព និងប្រកបដោយផ្លែផ្កា ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការត្រៀមលក្ខណៈសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការរបស់ កបទ.សអ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវជោគជ័យនៃបេសកកម្មរបស់ឯកឧត្ដម Flavio Bonetti នៅកម្ពុជា ៕



ដោយ វណ្ណលុក