ឧបនាយករដ្ឋមន្ត្រី ២រូប ជួបសួរសុទុក្ខ និងផ្ដល់កម្លាំងចិត្តជូនវីរយុទ្ធជន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥
បាត់ដំបង៖ មន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានកំពុងពិនិត្យព្យាបាលវីរយុទ្ធជន ដែលមួយចំនួនរងរបួសធ្ងន់ស្រាល ខ្លះទៀត មានបញ្ហាសុខភាពផ្លូវដង្ហើម និងខ្លះមានបញ្ហាសុខភាពទូទៅ ក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់អំពើឈ្លានពានពីសំណាក់កងទ័ពថៃ ។ បើតាមលោកនាយកមន្ទីរពេទ្យ មានវីរយុទ្ធជនជាបន្តបន្ទាប់ ត្រូវបានបញ្ជូន ឬអញ្ជើញមកទទួលការព្យាបាល ដោយមួយចំនួនធំបានជាសះស្បើយ និងមួយចំនួនទៀតកំពុងទទួលការពិនិត្យព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្ត ជូនវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងការគោរពស្ញប់ស្ញែងពីកងកម្លាំង និងមន្ត្រីជួរក្រោយ រួមទាំងជនរួមជាតិ ជូនចំពោះ វីរយុទ្ធជន ដែលបានតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ យ៉ាងអង់អាចក្លាហាន ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ ដែលបានខិតខំពិនិត្យព្យាបាលជូនវីរយុទ្ធជន ប្រកបដោយវិជ្ជាជីវៈ និងស្មារតីជាតិខ្មែរតែមួយ ជាពិសេស ក្នុងកាលៈទេសៈ ដែលទទួលរងអំពើឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ ដែលកន្លងទៅ ធ្លាប់បានបង្ហោះដ្រូនយកការណ៍ ពីលើមន្ទីរពេទ្យ និងប្រើយន្តហោះទម្លាក់គ្រាប់បែកមកដល់ភូមិសាស្ត្រខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ជាមួយនឹងការសួរទុក្ខ និងផ្ដល់កម្លាំងចិត្ត ជូនវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅគ្រប់បន្ទប់នៃមន្ទីរពេទ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្ដល់ថវិកាឧបត្ថម្ភជូនវីរយុទ្ធជន និងផ្ដល់ការឧបត្ថម្ភគាំទ្រជូនដល់មន្ទីរពេទ្យយុទ្ធភូមិភាគទី៥ ផងដែរ ៕






ដោយ វណ្ណលុក