ក្រុមហ៊ុន TEPCO ចាប់ផ្តើមដំណើរការរោងចក្រនុយក្លេអ៊ែរធំបំផុតក្នុងលោកឡើងវិញ
តូក្យូ ៖ ក្រុមហ៊ុនថាមពលអគ្គិសនីទីក្រុងតូក្យូ ហៅកាត់ (TEPCO) កាលពីថ្ងៃពុធ បានចាប់ផ្តើមបើកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រឡើងវិញ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ក្រោយការអង្កេតត្រូវបានបញ្ចប់ ។
នេះគឺជាការចាប់ផ្តើមដំណើរការឡើងវិញលើកដំបូងរបស់រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅលើពិភពលោកមួយនេះ ចាប់តាំងពីកើតមានគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ ២០១១ ។
បើតាមការលើកឡើងរបស់ក្រុមហ៊ុន TEPCO ខ្លួននឹងដាក់ដំណើរការអនឡាញ បន្ទាប់ពីម៉ោង ៧ល្ងាច (ម៉ោងក្នុងតំបន់) នូវម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង ១,៣៦ជីហ្គាវ៉ាត់ លេខ៦ ដែលស្ថិតក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន៧ នៅរោងចក្រ Kashiwazaki-Kariwa ដែលមានសមត្ថភាពផលិតថាមពលកម្លាំង ៨,២ជីហ្គាវ៉ាត់ នៅពេលដែលវាពេញសមត្ថភាព ។
ជាមួយគ្នានេះ ម៉ាស៊ីនរ៉េអាក់ទ័រលេខ៦ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មឡើងវិញ ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុងតូក្យូ ដែលជាទីក្រុងដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ ។ រីឯម៉ាស៊ីនរ៉េអាក់ទ័រលេខ៧ ក៏ត្រូវបានគេជឿជាក់ដែរថា នឹងចាប់ផ្តើមដាក់ដំណើរការអនឡាញនៅអំឡុងឆ្នាំ ២០៣០ខាងមុខ ។
សូមបញ្ជាក់ថា លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi កំពុងជំរុញការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រថ្មី ជាពិសេសម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ថ្មីមានម៉ូឌុលតូច SMR ខណៈកន្លងមក រដ្ឋាភិបាលលោកស្រីបានប្រកាសពីគម្រោងផ្តល់មូលនិធិសាធារណៈថ្មី ដើម្បីពន្លឿនការវិលត្រឡប់មករកថាមពលនុយក្លេអ៊ែរវិញរបស់ប្រទេសជប៉ុន ។
ការជំរុញរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីការប្រើប្រាស់ថាមពលខ្យល់នៅឯនាយសមុទ្រធ្លាក់ចុះ និងសម្ពាធអតិផរណាពីការនាំចូលឥន្ធនៈហ្វូស៊ីល ដែលធ្វើឱ្យជប៉ុនងាកទៅពឹងផ្អែកលើថាមពលនុយក្លេអ៊ែរម្តងទៀត ក្នុងគោលបំណងជំរុញសន្តិសុខថាមពល ជាពិសេសកាត់បន្ថយការទិញឧស្ម័ន និងធ្យូងថ្ម ៕




ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា