ក្រសួងវប្បធម៌ ចេញសេចក្តីថ្លែងការប្រឆាំងដាច់ខាតចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២៦នេះបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីធ្វើការ ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃ នៅប្រាសាទតាក្របី។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងវប្បធម៌បានបញ្ជាក់ថាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ធ្លាប់បានធ្វើការតវ៉ាចំពោះការរំលោភបំពានរបស់ថៃរួចមកហើយ និងពេលនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមបន្តប្រកាសតវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានាជិតប្រាសាទ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា” ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក”។
ជាមួយគ្នានេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបានច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧៕


ដោយ៖ម៉ាដេប៉ូ