អាមេរិក ទម្លាយមូលហេតុលោក ត្រាំ ប្ដូរចិត្តឈប់ប្រើកម្លាំងយោធាលេបយកកោះ Greenland
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានទម្លាយពីមូលហេតុដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រេចចិត្តដើរថយក្រោយ ឈប់ប្រើជម្រើសយោធាដើម្បីលេបយកកោះ Greenland តទៅទៀត ។
បើតាមប្រភពដែលដឹងពីបញ្ហាផ្ទៃក្នុងបានទម្លាយឲ្យដឹងថា មូលហេតុដែលលោក ត្រាំ ទម្លាក់ចិត្តបន្ទន់កាយឈប់ប្រើកម្លាំងយោធាដើម្បីច្បាមយកកោះ Greenland គឺដោយសារតែភាពវឹកវរក្នុងនយោបាយអាមេរិក ក៏ដូចជាដើម្បីបន្ធូរភាពភ័យស្លន់ស្លោក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក ។

ការសម្រេចចិត្តផ្អាកប្រើកម្លាំងយោធាលើកោះ Greenland របស់លោក ត្រាំ បានធ្វើឱ្យប្រជាជនចំនួន ៥ ម៉ឺន ៧ ពាន់ដែលរស់នៅលើកោះទឹកកកដ៏ធំមួយនេះ មានការធូរស្រាលចិត្តយ៉ាងខ្លាំង ។
ក្រៅពីច្រានចោលជម្រើសយោធា, លោក Trump ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមទៀតថា លោកក៏នឹងលែងដាក់ពន្ធលើប្រទេសអឺរ៉ុបដែលប្រឆាំងអាមេរិកក្នុងការប្រើប្រាស់កម្លាំងយោធាដណ្ដើមយកកោះ Greenland ផងដែរ ។
ជាមួយគ្នានេះ ភាគហ៊ុនសកលបានស្ទុះងើបឡើងវិញ ខណៈដែលធុរៈកិច្ចជនក៏បានធូរស្រាលចិត្តផងដែរ ក្រោយប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ ប្រកាសលុបចោលការដំឡើងពន្ធលើអឺរ៉ុប ជុំវិញបញ្ហាកោះ Greenland ។
កោះ Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានធនធានធម្មជាតិដ៏សម្បូរបែប ។ វាមានផ្ទៃដីប្រហែល ២ លាន ១ សែន ៦ ម៉ឺនគីឡូម៉ែត្រការ៉េ ដែលធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកជាង ៣ ដង ។
លោក Trump និយាយថា សហរដ្ឋអាមេរិកត្រូវតែគ្រប់គ្រងកោះ Greenland ដើម្បីសន្តិសុខជាតិរបស់ខ្លួន ជាពិសេសដើម្បីការពារការត្រួតត្រារបស់ចិន ឬរុស្ស៊ី ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
