ជប៉ុន បញ្ចេញដ្រូនល្បាតក្រោមទឹកផលិតក្នុងស្រុក តាមដាននាវាមុជទឹក និងនាវាចម្បាំងសត្រូវ
តូក្យូ ៖ កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានដាក់ដំណើរការយានដ្រូនបើកក្រោមទឹកខ្នាតតូច ដែលជាឧបករណ៍យោធាផលិតក្នុងស្រុក និងទើបបង្កើតថ្មី ដើម្បីបម្រើក្នុងបេសកកម្មការពារក្រោមទឹក ពីការយារយីនៃកងនាវាមុជទឹក និងនាវាចម្បាំងរបស់សត្រូវ ។
បើតាមសារព័ត៌មាន Defence Blog, ការដាក់ពង្រាយយានដ្រូនក្រោមទឹក ដែលជប៉ុនទើបអភិវឌ្ឍថ្មីនេះ រំពឹង នឹងជួយគាំទ្រដល់ការពង្រីកសមត្ថភាពឃ្លាំមើលតាមសមុទ្រ និងសន្តិសុខក្រោមសមុទ្ររបស់ប្រទេសជប៉ុន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយ ។
កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននិយាយថា យានដ្រូនបើកក្រោមទឹកនេះនឹងក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងកាន់តែធំរបស់ជប៉ុន ក្នុងការរួមបញ្ចូលយានជំនិះគ្មានមនុស្សបើក ទៅក្នុងរចនាសម្ព័ន្ធកងកម្លាំងរបស់ខ្លួន សំដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតប ។
ម្យ៉ាងវិញទៀត យានដ្រូនបើកក្រោមទឹកខ្នាតតូចនេះ ត្រូវបានគេមើលឃើញថា ជាមធ្យោបាយសន្សំសំចៃខ្ពស់ សម្រាប់បេសកកម្មពង្រីកការឃ្លាំមើលជាប់លាប់ ជាពិសេសវាជួយកាត់បន្ថយការពឹងផ្អែករបស់ជប៉ុន ទៅលើការប្រើប្រាស់នាវា ឬយន្តហោះដែលមាននាវិកបញ្ជាផងដែរ ។
ចំណាត់ការនេះទៀតសោត ធ្វើឡើងស្របពេលដែលជប៉ុនកំពុងប្រឈមមុខនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញសកម្មភាពក្រោមសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមានការចល័តនាវាមុជទឹក ឧបករណ៍ចាប់សញ្ញាក្រោមទឹក និងយានដ្រូនក្រោមទឹក ដែលដំណើរការដោយប្រទេសក្នុងតំបន់ ។
ឆ្លើយតបក្តីបារម្ភ ប្រទេសជប៉ុនកំពុងបោះទុនវិនិយោគកើនឡើងជាលំដាប់ទៅលើប្រព័ន្ធការពារដែនសមុទ្រគ្មានមនុស្សបើក ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន ។
ផែនការនេះនឹងជួយគាំទ្រដល់យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់ជប៉ុន ដែលសង្កត់ធ្ងន់លើសន្តិសុខដែនសមុទ្រ សេរីភាពនៃការធ្វើនាវាចរណ៍ និងស្ថិរភាពឆ្លងកាត់ផ្លូវសមុទ្រសំខាន់ៗ ៕
ប្រភព ៖ Defence Blog ប្រែសម្រួល ៖ ឈឹម ទីណា
