អឺរ៉ុប ទិញមនុស្សយន្ត ចិន Walker S2 យកទៅជួយផលិតយន្តហោះក្នុងរោងចក្រ

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍យក្សនៅអឺរ៉ុប Airbus បានសម្រេចទិញមនុស្សយន្ត Walker S2 របស់ក្រុមហ៊ុនចិន UBTech យកទៅជួយផលិតយន្តហោះ នៅក្នុងរោងចក្ររបស់ខ្លួន ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃពុធ ។

Walker S2 ជាមនុស្សយន្តមានរូបរាងដូចមនុស្ស, មានកម្ពស់ ១ ម៉ែត្រ ៧៦ សង់ទីម៉ែត្រ, ទម្ងន់ ៧០ គីឡូក្រាម និងដើរបានប្រហែល ២ ម៉ែត្រក្នុងមួយវិនាទី ។ ដៃរបស់មនុស្សយន្ត Walker S2 បំពាក់ទៅដោយឧបករណ៍ចាប់សញ្ញា Tactile ដែលអាចលើកឥវ៉ាន់បាន ៧ គីឡូក្រាមកន្លះសម្រាប់ដៃម្ខាង ។

ជាមួយគ្នានេះ Walker S2 ក៏ជាមនុស្សយន្តដំបូងគេដែលមានសមត្ថភាពផ្លាស់ប្តូរថ្មដោយខ្លួនវាផ្ទាល់ផងដែរ ។

ក្រុមហ៊ុន UBTech និយាយថា ចាប់តាំងពីការបើកដំណើរការមក, Walker S2 មានការបញ្ជាទិញដោយក្រុមហ៊ុននានា រួមទាំង ក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn ផងដែរ ។

ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទីក្រុង Shenzhen មួយនេះនិយាយថា ក្នុងឆ្នាំ ២០២៥ ការបញ្ជាទិញសរុបសម្រាប់មនុស្សយន្តរបស់ខ្លួន មានលើសពី តម្លៃ ២០១ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនដាក់គោលដៅ ឈានដល់សមត្ថភាពផលិត ១ ម៉ឺនគ្រឿងនៅឆ្នាំ ២០២៦ នេះ ។

បើយោងតាមទស្សនាវដ្តី Forbes, ក្រុមហ៊ុន UBTech បានដឹកជញ្ជូនមនុស្សយន្ត ប្រហែល ១,០០០ គ្រឿង ទៅចែកចាយក្រៅប្រទេស ដោយឈរនៅលំដាប់ទី ៣ ជុំវិញពិភពលោក បន្ទាប់ពីក្រុមហ៊ុនចិន Agibot និង Unitree ។

ក្រៅពីក្រុមហ៊ុនចិនទាំងនេះ, ក្រុមហ៊ុន UBTech ក៏នាំមុខអ្នកផលិតមនុស្សយន្ត នៅលោកខាងលិច ដូចជា ក្រុមហ៊ុន Figure AI, ក្រុមហ៊ុន Agility Robotics, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Apptronik និងក្រុមហ៊ុន Hyundai ជាដើម ។

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner