កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូង ចំនួន៧៣នាក់ និងភូមាចំនួន ១៣៦នាក់ ចេញពីប្រទេស ដើម្បីឱ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។

ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤នាក់ផងដែរ។

ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

គួររម្លឹកថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។

ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។

ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner