NATO គ្រោងធ្វើសមយុទ្ធជាច្រើននៅតំបន់អាកទិក ខណៈលោក ត្រាំ ចិញ្ចឹមចិត្តគ្រប់គ្រងកោះ Greenland
ព្រុចសែល ៖ ឧត្តមនាវីឯក Giuseppe Cavo Dragone ប្រធានគណៈកម្មាធិការយោធាណាតូ និយាយថា សមយុទ្ធយោធាជាច្រើនត្រូវបានគ្រោងទុកនៅតំបន់អាកទិកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែមិនទាន់មានសមយុទ្ធណាមួយត្រូវបានគ្រោងទុកនៅកោះ Greenland នៅឡើយទេ ។
លោកឧត្តមនាវីឯក Dragone បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំប្រមុខការពារជាតិណាតូនៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធមួយចំនួន ដែលត្រូវបានគ្រោងទុកនៅតំបន់អាកទិកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែគ្មានសមយុទ្ធណាមួយត្រូវបានគ្រោងទុកនៅកោះ Greenland ទេ ។
លោកឧត្តមនាវីឯកបន្ថែមថា ការពិភាក្សាអំពីសន្តិសុខកោះ Greenland និងតំបន់អាកទិក នៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយសម្ព័ន្ធមិត្តមិនទាន់ទទួលបានការណែនាំផ្នែកនយោបាយជាផ្លូវការ ដើម្បីចាប់ផ្តើមផែនការយោធាលម្អិតនៅឡើយទេ ។
គួរបញ្ជាក់ថា កោះ Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានធនធានធម្មជាតិដ៏សម្បូរបែប ។ វាមានផ្ទៃដីប្រហែល ២ លាន ១ សែន ៦ ម៉ឺនគីឡូម៉ែត្រការ៉េ ដែលធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកជាង ៣ ដង ។
ដោយសារតែមើលឃើញសក្តានុពលដ៏ធំធេងរបស់កោះនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងអះអាងថា សហរដ្ឋអាមេរិកត្រូវតែគ្រប់គ្រងកោះ Greenland ឱ្យបាន ដើម្បីសន្តិសុខជាតិរបស់ខ្លួន ជាពិសេសដើម្បីការពារការត្រួតត្រារបស់ចិន ឬរុស្ស៊ី ៕
ប្រភព ៖ Anadolu Agency និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា


