កងកុម្ម៉ង់ដូ បារាំង រឹបអូសកប៉ាល់ដឹកប្រេងបើកចេញពី រុស្ស៊ី
ប៉ារីស ៖ កងកុម្ម៉ង់ដូ របស់ប្រទេសបារាំង បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងដែលបើកចាកចេញពីប្រទេសរុស្ស៊ី ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ក្រោមការចោទប្រកាន់ថា កប៉ាល់មួយនេះបានដោតទង់ជាតិក្លែងក្លាយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ ។
ទិន្នន័យតាមដានដែនសមុទ្របានឲ្យដឹងថា កប៉ាល់នោះមានឈ្មោះ Grinch’ ត្រូវបានរឹបអូស ពេលកំពុងបើកចេញពីកំពង់ផែ Murmansk របស់រុស្ស៊ី ។ កប៉ាល់ដែលដឹកប្រេងឆៅមួយគ្រឿងនេះ មានប្រវែង២៥០ ម៉ែត្រ និងបានដាក់ទង់ជាតិនៃប្រទេសកូម៉ូរ៉ូ ។
យោធាបារាំងនិយាយថា ប្រតិបត្តិការរឹបអូសនេះបានធ្វើឡើងដោយមានជំនួយគាំទ្រផ្នែកចារកម្ម ពីអង់គ្លេស ។
លោកប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា កប៉ាល់នេះ គឺជាផ្នែកមួយនៃ កងនាវាស្រមោល របស់រុស្ស៊ី ហើយ ត្រូវបានអូសយក ទៅទុកនៅកំពង់ផែ រង់ចាំការស៊ើបអង្កេតពីតុលាការ បន្ថែម ។
ឆ្លើយតបនឹងរឿងនេះ រុស្ស៊ីអះអាងថា ខ្លួនមិនមានកងនាវាស្រមោលដូចដែលការចោទប្រកាន់នោះទេ ។ កងនាវាស្រមោលគឺសំដៅលើនាវាណាមួយ ដែលដឹកជញ្ជូនប្រេងរបស់រុស្ស៊ី នៅខាងក្រៅការធានារ៉ាប់រង របស់ឈ្មួញកណ្តាល ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត