វិទ្យាស្ថាន ITI និងក្រុមហ៊ុនតូយ៉ូតា ចាប់ដៃជាមួយគ្នាបង្កើនសមត្ថភាពអ្នកជំនាញដំឡើង និងថែទាំរថយន្តនៅកម្ពុជា

ដោយមើលឃើញពីសន្ទុះនៃឧស្សាហកម្មយានយន្តនៅកម្ពុជា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្មទំនើប។

កិច្ចសហការនេះផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះបណ្ដាលបំពាក់ជំនាញបន្ថែម ក៏ដូចជាការផ្លាស់ប្តូរជំនាញដល់បុគ្គលិក និងតម្រង់ទិសដល់សិស្សានុសិស្ស។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ហត្ថលេខីនៃ MoU នេះ រួមមាន លោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តូយ៉ូតា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបាន ក្នុងការកសាងមូលធនមនុស្ស ដែលមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ និងឱកាសការងារល្អៗនៅក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត ដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner