នាយករដ្ឋមន្ត្រីអ៊ីតាលីសង្ឃឹម លោក Trump បានណូបែលសន្តិភាព

រ៉ូម ៖ មេដឹកនាំអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយ កាលពីថ្ងៃសុក្រថា លោកស្រីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបញ្ចប់ជម្លោះ នៅអ៊ុយក្រែន ដូច្នេះ លោកស្រីអាចស្នើតែងតាំងលោក ទទួលបានរង្វាន់ណូបែលសន្តិភាព។

នាយករដ្ឋមន្ត្រី ប្រទេសអ៊ីតាលី លោកស្រី Meloni សម្តែងការខកចិត្ត ចំពោះការខកខាន មិនបានឈ្នះរង្វាន់នេះ សម្រាប់មេដឹកនាំអាមេរិក រូបនេះ។ «ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ យើងអាចផ្តល់រង្វាន់ណូបែលសន្តិភាព ដល់លោក Donald Trump» នេះជាអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីតាលី រូបនេះ ប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ។

លោកស្រីបន្តថា «ខ្ញុំជឿជាក់ថា ប្រសិនបើគាត់ធ្វើការផ្លាស់ប្តូរ… ក្នុងការសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៍ និងយូរអង្វែង សម្រាប់អ៊ុយក្រែន ទីបំផុត យើងក៏អាចតែងតាំងលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព»។

កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានបង្ហាញ “ក្រុមប្រឹក្សាសន្តិភាព” របស់លោក ដែលដំបូងឡើយត្រូវបានរចនាឡើង ដើម្បីត្រួតពិនិត្យបទឈប់បាញ់ Gaza និងការរស់ឡើងវិញ នៃទឹកដីនេះ ប៉ុន្តែ វាបានផ្លាស់ប្តូរទៅជាយន្តការមួយ ក្នុងគោលបំណងដោះស្រាយជម្លោះអន្តរជាតិ គ្រប់ប្រភេទ។

ប្រទេស អ៊ីតាលី ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង ក្រុមប្រឹក្សានេះ ប៉ុន្តែ លោកស្រី Meloni បាននិយាយថា លោកស្រីបានប្រាប់ លោក Trump រួចហើយថា អ៊ីតាលី ប្រឈមនឹង “បញ្ហារដ្ឋធម្មនុញ្ញ” ដែលមិនអនុញ្ញាតឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការ ដែលដឹកនាំដោយមេដឹកនាំបរទេស តែមួយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner