ជប៉ុន ៖ លោកស្រី Takaichi រំលាយសភា បើកផ្លូវឆ្ពោះទៅបោះឆ្នោត មុនអាណត្តិ
តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានប្រកាសរំលាយរដ្ឋសភា ជាផ្លូវការ ដើម្បីបើកផ្លូវ ឆ្ពោះទៅរៀបចំការបោះឆ្នោតសកល មុនអាណត្តិ ពោលគ្រោងរៀបចំ នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ។
គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ជាស្ត្រីដំបូងបង្អស់ របស់ប្រទេសនេះ កាលពីខែតុលា ឆ្នាំ២០២៥ ពោលគឺ ក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មី របស់គណបក្សកាន់អំណាច LDP។ ជាការជ្រើសរើស បន្ទាប់ពីការលាលែង របស់អតីតនាយករដ្ឋមន្រ្តី លោក Shigeru Ishiba។
ការប្រកាសរំលាយសភានេះ ធ្វើឡើង នៅក្រោយប៉ុន្មានថ្ងៃ ដែលលោកស្រី Takaichi បានប្រាប់ឱ្យដឹងជាមុនពីគម្រោងនេះ។ លោកស្រី សង្ឃឹមថា ការបោះឆ្នោតមុនអាណត្តិ នឹងផ្តល់អំណាចរឹងមាំជាងមុន ដើម្បីឱ្យលោកស្រី អាចជំរុញរបៀបវារៈធំៗ ដោះស្រាយបញ្ហាប្រទេសជាតិ។
បើតាម លោកស្រី នាយករដ្ឋមន្រ្តី, ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិបែបនេះ ក៏មានបំណងសួរសាធារណជនជប៉ុន ដោយផ្ទាល់ថា តើលោកស្រី សក្តិសមធ្វើជានាយករដ្ឋមន្រ្តីបន្ត ឬ យ៉ាងណា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត