ឯកឧត្តម សាយ សំអាល់ កោតសរសើរ និងលើកទឹកចិត្តអាជ្ញាធរខេត្តព្រះសីហនុឲ្យបន្តប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន
MC : ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងអស់ ដែលបានបន្តចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។

Read : ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនទាំងអស់ ដែលបានបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយគំនិតច្នៃប្រឌិត។ ការអភិវឌ្ឍនេះធ្វើឡើងស្របតាមស្ថានភាពជាក់ស្ដែង ហើយឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលត្រូវប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី២៤មករា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តក្រុមការងារពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ចុះអនុវត្តការងារជាក់ស្តែង ដើម្បីបង្កើនសមិទ្ធផលថ្មីៗជូនជាតិ មាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់ជាតិ ដោយផ្តោតអាទិភាពទៅលើកិច្ចការមួយចំនួន ក្នុងនោះមាន៖
- បន្តធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋាន តាមរយៈការលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញចេញពីភូមិសាស្ត្រខេត្តព្រះសីហនុ បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយនិងការរៀបចំក្រុង និងទប់ស្តាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
- កំណត់ផែនការមេសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈការរៀបចំក្រុង រៀបចំដែនដី នគរូបនីយកម្ម ការកែលម្អឆ្នេរសមុទ្រ ការអភិវឌ្ឍផែទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ និងគ្រប់ភូមិឋានប្រជាជន។

ក្រៅពីនេះ អាជ្ញាធរ ក្រុមការងារពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សឱ្យត្រូវតាមសក្តានុពល និងទីផ្សារការងារ បង្កើនផ្នត់គំនិតជាសហគ្រិនមូលដ្ឋាន និងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរ ដើម្បីអភិវឌ្ឍខឿនសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសបន្តទាក់ទាញការវិនិយោគពីដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងបន្ដការពារនិងថែរក្សាការវិនិយោគ ដែលមានស្រាប់នៅមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការងារដែលត្រូវធ្វើបន្តសម្រាប់តំបន់ឆ្នេរសមុទ្រ ដែលមានចំនួន ២០២ទីតាំង ក្នុងនោះមានឆ្នេរខ្សាច់១០៥, ឆ្នេរថ្ម៦៧ និងកោងកាង ៣០។ ក្រៅពីនេះ នៅមានព្រែក ១១០ ក្នុងនោះព្រែកលើដីគោកមាន ៩៤, និងព្រែកលើដីកោះមាន ១៦ គឺត្រូវកសាងបន្ទប់ទឹក គ្រប់គ្រងសំរាមសំណល់រឹង រាវ លើកកម្ពស់អនាម័យ ដើម្បីឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើអាជីវកម្មលក់ដូរសម្រាប់ភ្ញៀវទេសចរ, ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកំពង់ផែខេត្តព្រះសីហនុ ដើម្បីមានសក្តានុពលទូលំទូលាយក្នុងការទទួលនាវាគ្រប់ប្រភេទ ជាពិសេសនាវាដឹកទំនិញឱ្យចេញចូលបានកាន់តែច្រើន។

ពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហានេះឱ្យបានល្អ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានរួចផុតពីអំពើហិង្សា ការបៀតបៀន បញ្ហាគ្រឿងញៀន ជំងឺឆ្លង និងភាពមិនស៊ីវីល័យផ្សេងៗ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខ ខេត្តព្រះសីហនុនឹងលែងមានសំណង់មិនរៀបរយតទៅទៀត ហើយប្រជាពលរដ្ឋនឹងបង្កើនការដាំដុះដើមដូង ដែលជាដំណាំកសិឧស្សាហកម្មដ៏ធំមួយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ក្រៅពីការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអគ្គិសនីទៅដល់គ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់អានុសាសន៍ឲ្យមានការពង្រីកសេវាទូរសព្ទចល័ត, និងអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ឲ្យបានទូលំទូលាយ, និងកសាងបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជាផ្លូវថ្នល់ជាដើម ក្នុងគោលដៅបង្កើតដង្ហើមសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋឱ្យមានមុខរបរ មានប្រាក់ចំណូល មានប្រាក់សន្សំ និងលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕


