មេដឹកនាំកាណាដាងាកទៅពង្រឹងសម្ព័ន្ធមិត្តជាមួយអូស្រ្តាលី ក្រោយរងសម្ពាធពីលោក ត្រាំ
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី នៅខែមីនាខាងមុខនេះ ខណៈដែលមេដឹកនាំទាំងពីរបានបង្ហាញគោលជំហរដូចគ្នា ក្នុងការថ្កោលទោសប្រទេសមហាអំណាច ដែលប្រើប្រាស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាអាវុធ និងពន្ធគយ ជាកម្លាំងចលករ ។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស បាននិយាយក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍អូស្ត្រាលី កាលពីថ្ងៃអាទិត្យថា មិត្តរបស់ខ្ញុំ លោកនាយករដ្ឋមន្រ្តី ម៉ាក ខានី នឹងមកបំពេញទស្សនកិច្ចនៅអូស្ត្រាលី អមជាមួយការថ្លែងសុន្ទរកថាទៅកាន់សភាអូស្រ្តាលីនៅខែមីនាខាងមុខនេះ ។
មេដឹកនាំអូស្រ្តាលីមានវ័យ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកយល់ស្របនឹងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ខានី ធ្វើឡើងនៅប្រទេសស្វីស ដែលបានអំពាវនាវឱ្យប្រទេសនានាទទួលស្គាល់ថា សណ្តាប់ធ្នាប់សកលដែលពឹងផ្អែកលើច្បាប់អន្តរជាតិបានបញ្ចប់ហើយ ។
ជាមួយគ្នានេះ លោក ខានី ក៏បានទទូចឱ្យប្រទេសនានាក្រោកឈរធ្វើសកម្មភាពរួមគ្នា ដើម្បីជៀសវាងក្លាយជាជនរងគ្រោះដោយសារអនុត្តរភាពរបស់សហរដ្ឋអាមេរិក ដូចដែលកាណាដាកំពុងជួបប្រទះការគាបសង្កត់ពីប្រទេសមហាអំណាច ។
គួរបញ្ជាក់ថា គម្រោងបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ខានី មកកាន់អូស្ត្រាលី កើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ កាលពីខែតុលា បានពង្រឹងទំនាក់ទំនងទ្វេភាគី ដោយប្រទេសសម្ព័ន្ធមិត្តទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មលើរ៉ែសំខាន់ៗ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា