កម្ពុជា-ឡាវឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលកសិកម្មពីកម្ពុជាឆ្លងកាត់ឡាវ ឆ្ពោះទៅប្រទេសទី៣
ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តឱ្យក្រសួងកសិកម្មកម្ពុជា-ឡាវ ពន្លឿននូវនីតិវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជាឆ្លងកាត់ប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសទី៣ ។ការលើកទឹកចិត្តនេះស្របពេលក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) ដែលនឹងបើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ។

កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត លីនខាំ ឌួងសាវ៉ាញ (Linkham Douangsavanh) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងបរិស្ថានឡាវបានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ។ដំណើរទស្សនកិច្ចមានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចធិបតីដែរថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជាដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣។ឯកឧត្តមបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ឯកឧត្តមក៏បានប្ដេជ្ញានៅក្នុងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

បញ្ជាក់តបទៅភ្ញៀវវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ។ សម្ដេចធិបតីបានបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរ ពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចធិបតីជឿជាក់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបថា កាលព្រឹកថ្ងៃទី២៥ ខែមករា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយឯកឧត្តមបណ្ឌិត លីនខាំ ឌួងសាវ៉ាញ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថានឡាវ នៅទីស្តីការក្រសួងកសិកម្ម ។តាមរយៈកិច្ចព្រមព្រៀងនេះ ផលិតផលកសិកម្មកម្ពុជានាំទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
គួររំលឹកថា កម្ពុជា ឡាវ បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
