អាមេរិក គ្រោងពង្រាយយន្តហោះ F-35 ជិត ៥០ គ្រឿងនៅជប៉ុន ពង្រឹងអំណាចផ្លូវអាកាសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨ គ្រឿង នៅឯមូលដ្ឋានកងទ័ពអាកាស Misawa ភាគខាងជើងប្រទេសជប៉ុន ដែលនេះជាផ្នែកមួយនៃការធ្វើទំនើបកម្មអំណាចផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ។
បើតាមសារព័ត៌មាន Newsweek, ការដាក់ពង្រាយនេះធ្វើឡើងក្នុងគោលបំណងជំនួសយន្តហោះចម្បាំង F-16 ស៊េរីចាស់ៗចំនួន ៣៦ គ្រឿង ដែលបច្ចុប្បន្នកំពុងដាក់ឲ្យឈរជើងនៅទីនោះ ។
ជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ក្នុងការជួយអាមេរិកទប់ស្កាត់ និងការពារការឈ្លានពានដែលអាចកើតមាននៅទូទាំងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ។ តួយ៉ាង កងកម្លាំងចិន និងរុស្ស៊ីតែងតែធ្វើប្រតិបត្តិការនៅជិតទឹកដីជប៉ុន ខណៈដែលកូរ៉េខាងជើងនៅតែគឃ្លើនបាញ់សាកល្បងមីស៊ីលឆ្ពោះទៅកាន់ដែនទឹកផ្តាច់មុខរបស់ជប៉ុន ។
យោងតាមសារព័ត៌មាន defence blog, ការពង្រឹងអំណាចផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន កើតឡើងចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានដាក់ចេញយុទ្ធសាស្ត្រសន្តិសុខជាតិ ដោយជំរុញឱ្យមានការបង្កើនកម្លាំងយោធា ដើម្បីទប់ទល់នឹងការឈ្លានពាននៅតំបន់ «First Island Chain» ។
«First Island Chain» គឺជាតំបន់យុទ្ធសាស្ត្រមួយតភ្ជាប់ពីទីប្រជុំកោះរបស់ជប៉ុន រត់កាត់តាមកោះតៃវ៉ាន់ ហ្វីលីពីន កោះ Borneo ដែលតំបន់ទាំងនេះនៅព័ទ្ធជុំវិញឆ្នេរសមុទ្រចិន ។
ទាំងចិន និងអាមេរិកសុទ្ធតែត្រូវការតំបន់មួយនេះជាចាំបាច់ ដោយចិនត្រូវការវាដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគលិច ជាផ្លូវឆ្ពោះទៅរកតំណែងជា កំពូលមហាអំណាចក្នុងតំបន់អាស៊ី និងបញ្ចៀសការឡោមព័ទ្ធដោយអាមេរិក ។
រីឯអាមេរិកវិញ ត្រូវការតំបន់ «First Island Chain» ដើម្បីឡោមព័ទ្ធ និងបិទខ្ទប់ការកើនឡើងឥទ្ធិពលចិន ជាពិសេសរក្សាអំណាចរបស់ខ្លួនក្នុងតំបន់អាស៊ី ៕
ប្រភព ៖ newsweek និង defence blog ប្រែសម្រួល ៖ ឈឹម ទីណា