តាមរយៈប្រព័ន្ធគាំពារសង្គម សិស្សប្រមាណ ៣០ម៉ឺននាក់ បាននិងកំពុងទទួលបានការផ្ដល់អាហារពេលព្រឹក
ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ ២០២៦នេះកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀតកំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
សូមជម្រាបថា កម្មវិធីផ្តល់អាហារតាមសាលារៀនកំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ ដែលមានសាលារៀនគោលដៅចំនួន ១ ១១៤ រួមមាន៖ ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់ និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។បើតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។
កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩។ឯកឧត្តមបន្តថា កម្មវិធីនេះក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។ កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ។
បើតាមឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបង្ហាញថា ឱ្យស្របតាមយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការទទួលយកសាលាដែលអនុវត្តកម្មវិធីនេះពីដៃគូអភិវឌ្ឍន៍មានកំណើនជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយកម្មវិធីនេះជាកម្មវិធីជាតិដែលអនុវត្តទាំងស្រុងដោយក្រសួងអប់រំយុវជន និងកីឡា នៅត្រឹមឆ្នាំ២០២៨៕
ដោយ៖ង៉ាន់ ទិត្យ









