គម្រោងស្រូវមិត្តក្រៀលចូលរួមអភិរក្សសត្វកម្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ

តាំងពីឆ្នាំ២០១៩មក ប្រជាកសិករជាច្រើនគ្រួសារនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត បានចូលរួមក្នុងគម្រោងស្រូវមិត្តក្រៀល ដើម្បីជួយអភិរក្សសត្វក្រៀល តាមរយៈការរក្សាទុកស្រូវមួយផ្នែកក្នុងស្រែដើម្បីជាចំណីរបស់សត្វកម្រនេះ។

ដោយសារកត្តាអាកាសធាតុ បរិមាណស្រូវមិត្តក្រៀលក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះ មកនៅត្រឹមប្រមាណ ២៥០តោន ខណៈដែលឆ្នាំ២០២៤ កសិករប្រមូលបានជាង ៣០០តោន។ តែទោះជាយ៉ាងណា ការថយចុះនេះនឹងមិនប៉ះពាល់ដល់ការរកចំណីរបស់ក្រៀលឡើយ។

គម្រោងស្រូវមិត្តក្រៀលត្រូវបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០១៩ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់កសិកម្មមេត្រីភាពជីវៈចម្រុះ ការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងជួយពង្រឹងជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។

កម្មវិធីនេះផ្តោតលើការដាំដុះស្រូវដោយមិនប្រើជី និងថ្នាំគីមី ហើយកសិករត្រូវរក្សាទុកស្រូវពី៥% ទៅ៥០% នៅក្នុងស្រែរបស់ពួកគាត់សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀល។ ជាមធ្យម កសិករអាចផលិតស្រូវមិត្តក្រៀលបានប្រមាណ ៣០០តោនក្នុងមួយឆ្នាំ។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា អង្គការទទួលទិញស្រូវទាំងអស់ពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ពី៥ទៅជាង៧%។ បច្ចុប្បន្ន អង្ករមិត្តក្រៀលភាគច្រើនលក់ក្នុងប្រទេស តាមផ្សារម៉ាតនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ខណៈស្រូវមួយផ្នែកតូចប៉ុណ្ណោះត្រូវបាននាំចេញទៅប្រទេសវៀតណាម។

ចាប់តាំងពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ចំនួនកសិករសមាជិកគម្រោងបានកើនពី ៤១ គ្រួសារ ទៅ១៤១ គ្រួសារ ជាមួយផ្ទៃដីដាំដុះ ១៨៥ ហិកតា។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា អង្ករមិត្តក្រៀល គឺជាផលិតផលសរីរាង្គ មិនប្រើគីមី ដែលមិនត្រឹមជួយលើកកម្ពស់ជីវភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមអភិរក្សសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងងាយរងគ្រោះទៀតផង។

គួរបញ្ជាក់ថា ក្រៀលគឺជាប្រភេទសត្វស្លាបទឹកដ៏ធំ និងស្រស់ស្អាតមួយ ដែលភាគច្រើនរស់នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត ហើយផ្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃកម្ពុជា និងវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។

ការធ្វើជំរឿននៅឆ្នាំ២០២៥នាំឲ្យគេរកឃើញសត្វក្រៀលចំនួន២១៤ក្បាលនៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត គិតចាប់ពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណ២០% ធៀបនឹងឆ្នាំ២០២៤ និងកើនដល់៣៧%ធៀបនឹងឆ្នាំ២០២២៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner