មួយខែក្រោយបទឈប់បាញ់ ជនភៀសសឹកជាង៨០%បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈ ១០ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព
រយៈពេលមួយខែចុងក្រោយនេះ ជនភៀសសឹកជាង ៨០ភាគរយ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជនភៀសសឹកប្រមាណជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា លើកឡើងថា ចំពោះជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់បន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។
គួរបញ្ជាក់ថាគិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ រយៈពេលមួយខែបានកន្លងផុតមកហើយ។ ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨ នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ផងដែរ៕
ដោយ៖ម៉ាដេប៉ូ