ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ពិភាក្សាការងារជាមួយប្រធានផ្នែកគម្រោងជំនួយទី១របស់ជប៉ុន
ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយ លោក Kato Yuta ប្រធានផ្នែកគម្រោងជំនួយទី១ (Country Assistance Planning Division I) នៃក្រសួងការបរទេសនៃប្រទេសជប៉ុន នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពិភាក្សាជាមួយភាគីជប៉ុនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នា (Co-creation for Common Agenda Initiative) និង គំនិតផ្តួចផ្តើមលើកិច្ចសហប្រតិបត្តិការនៅពេលអនាគត។ កិច្ចសហប្រតិបត្តិការរួមគ្នានេះ ជាគម្រោងដែលផ្តួចផ្តើមឡើងនៅឆ្នាំ២០២៣ រវាងប្រទេសជប៉ុន និងអាស៊ាន ដើម្បីដោះស្រាយបញ្ហារួមដែលប្រទេសសមាជិកអាស៊ាននិងប្រទេសជប៉ុនជួបប្រទះ។ ក្នុងនោះប្រទេសកម្ពុជាមានគម្រោងចំនួន ៥ ដែលកំពុងអនុវត្តក្រោមការផ្តួចផ្តើមនេះ គឺ ១) ពង្រឹងការអប់រំផ្នែកឌីជីថលតាមរយៈការផ្តល់ជូននូវបរិក្ខារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ២) ពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍដីធ្លីតាមរយៈបរិវត្តកម្មឌីជីថល ៣) គាំទ្រការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ៤)ពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រ និង ៥) បង្កើនការអភិវឌ្ឍធនធានមនុស្សនិងបណ្តាញទូរគមនាគមន៍ នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ គណៈប្រតិភូជប៉ុន ក្រោមការសម្របសម្រួលដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA នឹងបន្តកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗផ្សេងទៀត ដូចជា ១) ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការប្រើប្រាស់លើវិស័យអាទិភាពរួមមានការអប់រំ សុខាភិបាល និងកសិកម្ម តាមរយៈការចូលរួមរវាងវិស័យឯកជននៃប្រទេសទាំងពីរ ២) ការគាំទ្រការតំឡើងនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យជាតិ ៣) ការផ្លាស់ប្តូរបទពិសោធលើករណីវាយប្រហារសាយប័រព្រមទាំងយន្តការទប់ស្កាត់ និង ៤)ការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរស័ព្ទជំនាន់ទី៥ (5G) ពិសេសនៅតាមទីជនបទ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលតែងតែគាំទ្រកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ៕
ដោយ៖ង៉ាន់ ទិត្យ


