ហ្វីលីពីន និងសហរដ្ឋអាមេរិក រួមគ្នាបញ្ចេញសាច់ដុំយោធានៅសមុទ្រចិនខាងត្បូង

ម៉ានីល ៖ កងកម្លាំងយោធាហ្វីលីពីន និងសហរដ្ឋអាមេរិក ចាប់ដៃគ្នាធ្វើសមយុទ្ធដែនសមុទ្រ ក្នុងសប្តាហ៍នេះ នៅឯតំបន់ថ្មប៉ះប្រះទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ។

យោងតាមកងកម្លាំងប្រដាប់អាវុធហ្វីលីពីន, សមយុទ្ធរួមគ្នានេះបានដំណើរការដោយរលូន និងជោគជ័យ ក្នុងការបង្កើនកិច្ចសម្របសម្រួល ជំនាញយុទ្ធសាស្ត្រ និងបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងកងកម្លាំងសម្ព័ន្ធមិត្តទាំងពីរ ។

ល្បែងសង្គ្រាមនេះ មានការចូលរួមពីនាវាចម្បាំង Antonio Luna របស់ហ្វីលីពីន នាវាល្បាតឆ្នេរសមុទ្រហ្វីលីពីន ព្រមទាំងយន្តហោះយោធាចំនួនពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ។

ចំណែកទីបញ្ជាការប្រចំាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក បានដាក់ពង្រាយនាវា USS John Finn ដែលជានាវាពិឃាតបំពាក់មីស៊ីល ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីពីរសប្តាហ៍មុន និងឧទ្ធម្ភាគចក្រ MH-60R Seahawk ។

ឆ្លើយតបនឹងសមយុទ្ធនេះ ទីបញ្ជាការភាគខាងត្បូងនៃយោធាចិនបានរិះគន់ចំៗថា ហ្វីលីពីនបានសហការជាមួយប្រទេសនៅខាងក្រៅតំបន់ ដើម្បីធ្វើសកម្មភាពដែលគេហៅថា «ការល្បាតរួមគ្នា» ដែលរំខានដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។

ទីបញ្ជាការចិនបានសង្កត់ធ្ងន់ទៀតថា កងកម្លាំងខ្លួននឹងការពារអធិបតេយ្យភាព បូរណភាពជាតិ សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រយ៉ាងម៉ឺងម៉ាត់ ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងរឹងមាំ ។

បើតាមសារព័ត៌មាន The Straits Times, តំបន់សមុទ្រចិនខាងត្បូង បានក្លាយជាដែនទឹកដ៏ចម្រូងចម្រាស់មួយនៅអាស៊ី ដោយសារតែទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពលើតំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner