វៀតណាម នឹងផាកពិន័យនាយកសាលាជិត ៤០០ ដុល្លារ បើមានសិស្សជក់បារីអេឡិចត្រូនិច
ហាណូយ ៖ នាយកសាលាក្នុងប្រទេសវៀតណាម ប្រឈមនឹងការផាកពិន័យ រហូតដល់ជិត ៤០០ ដុល្លារ ក្នុងករណីចាប់បានសិស្សជក់បារីអេឡិចត្រូនិច ។ នេះបើតាមការចេញផ្សាយដោយកាសែត VNExpress នៅថ្ងៃពុធនេះ ។
ចំណែកសិស្ស ឬ បុគ្គល ដែលប្រើប្រាស់ផលិតផលនេះក្នុងសាលា ក៏ប្រឈមនឹងការផាកពិន័យ ហើយ វត្ថុដែលរឹបអូសបានទាំងអស់ នឹងត្រូវយកទៅបំផ្លាញចោល ។
មន្ត្រីសុខាភិបាលវៀតណាមនិយាយថា នេះជាលើកទីមួយហើយ ដែលច្បាប់វៀតណាម បានកំណត់យ៉ាងច្បាស់លាស់ នូវការទទួលខុសត្រូវផ្លូវច្បាប់ ដល់អ្នកដឹកនាំសាលា ចំពោះការជក់បារី របស់សិស្ស នៅក្នុងបរិវេណសាលារៀន ។
ការអនុវត្តច្បាប់ កាន់តែតឹងតែងនេះ បានកើតមានឡើង ខណៈដែលវៀតណាម ប្រឈមនឹងការកើនឡើងយ៉ាងខ្លាំង នៃ ការជក់បារី របស់យុវជន ។
ជាក់ស្ដែងចន្លោះឆ្នាំ ២០១៩ និងឆ្នាំ ២០២៣ ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមសិស្ស ដែលមានអាយុពី ១៣ ដល់ ១៧ ឆ្នាំ បានកើនឡើង ពី ២.៦% ទៅ ៨.១% ។
បើយោងតាមទិន្នន័យសុខភាពរបស់វៀណាម, នៅឆ្នាំ ២០២៣ មនុស្សជាង ១,២០០ នាក់ នៅទូទាំងប្រទេស បានចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារការពុល ឬ ជំងឺដែលទាក់ទងនឹងបារីអេឡិចត្រូនិច ។
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត