យោធា និងប៉ូលិសវេណេស៊ុយអេឡា សន្យាស្មោះត្រង់ចំពោះប្រធានាធិបតីបណ្តោះអាសន្ន
ការ៉ាកាស ៖ យោធា និងប៉ូលីស នៃប្រទេសវេណេហ្ស៊ុយអេឡា បានសន្យាផ្តល់ភក្តីភាព ចំពោះប្រធានាធិបតីបណ្តោះអាសន្ន ដែលសហរដ្ឋអាមេរិក បានរក្សាអំណាចឲ្យ បន្ទាប់ពីការបណ្តេញ លោក ម៉ាឌូរ៉ូ ចេញពីតំណែង ទាំងបង្ខំ ដោយកម្លាំងយោធា។
ការសន្យានេះ បានកើតឡើង នៅពេលដែលទាហាន និងប៉ូលិស ជាង ៣,០០០នាក់ នៅក្នុងឯកសណ្ឋាន បានទៅជួបមេដឹកនាំ និង មេបញ្ជាការស្ត្រី ដំបូងគេ របស់វ៉េណេស៊ុយអេឡា គឺ លោកស្រី Rodriguez កាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីមហាផ្ទៃ ដ៏មានឥទ្ធិពល របស់វេណេស៊ុយអេឡា លោក Diosdado Cabello បានសន្យា នូវភាពស្មោះត្រង់ ក្នុងនាមកងកម្លាំងប៉ូលីស។ លោកបញ្ជាក់ថា ការគាំទ្រ លោកស្រី Rodriguez មានសារៈសំខាន់ ដើម្បីបន្តការពាររដ្ឋាភិបាល និងសុចរិតភាព របស់ប្រជាជនវេណេស៊ុយអេឡា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino និយាយថា «យើងសូមស្បថ នូវភាពស្មោះត្រង់ ដាច់ខាត និង ការចុះសម្រុងគ្នា»។ លោក Padrino អះអាងថា «នេះគឺជាពេលវេលា ដែលមិនធ្លាប់មាន ពីមុនមក នៅក្នុងសាធារណរដ្ឋ របស់យើង»។
គួររម្លឹកថា កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួន លោក Maduro និង ភរិយា ក្នុងការវាយឆ្មក់ កាលពីថ្ងៃទី៣ ខែមករា ទៅលើរដ្ឋធានី Caracas ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ក្រោយការចាប់ខ្លួន កងកម្លាំងអាមេរិក បាននាំពួកគេ ទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ការកាត់ទោស លើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
លោក Donald Trump ធ្លាប់បាននិយាយថា លោកស្រីប្រធានាធិបតីបណ្តោះអាសន្ន Rodriguez អាចបន្តបានតំណែងបាន ដរាបណាលោកស្រី ធ្វើអ្វីដែលលោកចង់បាន ជាពិសេស ការផ្តល់សិទ្ធិ ឱ្យសហរដ្ឋអាមេរិក ចូលទៅកាន់ស្តុកប្រេងដ៏ធំ របស់ប្រទេសវេណេស៊ុយអេឡា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត



