កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ លើថ្នាក់ដឹកនាំកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពអរិភាព របស់ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះនាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករានេះ ពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ។
ក្រសួងការបរទេសបារម្ភថា ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រសួងការបរទេសកម្ពុជាបានហៅ ចំណាត់ការផ្លូវច្បាប់នេះ មិនស្រប នឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ ។
ទន្ទឹមនឹងនេះ កម្ពុជា ជំរុញឱ្យប្រទេសថៃ ចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំ នានាដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕


ដោយ៖ វណ្ណលុក