លោក Trump គំរាមអ៊ីរ៉ង់ថា ការវាយប្រហារលើកក្រោយ នឹងធ្ងន់ធ្ងរហួសស្មាន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៨ ខែមករា បានស្រែកគំរាមខ្លាំងៗថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកក្រោយ នឹងកាន់តែធ្ងន់ធ្ងរហួសពីការស្មាន ។
ប៉ុន្តែជាមួយគ្នានេះ លោកប្រធានាធិបតី ត្រាំ ក៏បានជំរុញឱ្យអ៊ីរ៉ង់វិលចូលតុចរចា ហើយធ្វើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាបន្ទាន់ មុននឹងអ្វីៗហួសពេល ។
មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា លោកសង្ឃឹមថា អ៊ីរ៉ង់នឹងរត់រកតុចរចាយ៉ាងឆាប់រហ័ស ដើម្បីចរចាពីកិច្ចព្រមព្រៀងដ៏យុត្តិធម៌ សំដៅទប់ស្កាត់មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ ដែលល្អសម្រាប់គ្រប់ភាគីទាំងអស់ ។ ពេលវេលាជិតអស់ហើយ វាពិតជាសំខាន់ណាស់ ។
ក្នុងករណីអ៊ីរ៉ង់ច្រានចោលការចរចា លោក Trump ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានព្រមានទុកមុនថា ការវាយប្រហារលើកក្រោយ នឹងកាន់តែអាក្រក់ទៅៗ កុំធ្វើឲ្យរឿងនោះកើតឡើងម្តងទៀត ។ លោកថា កងនាវាចម្បាំងមួយទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ ។
បើតាមលោកប្រធានាធិបតី Trump, កងកម្លាំងជើងទឹកអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln កំពុងខិតជិតប្រទេសអ៊ីរ៉ង់ ។ រីឯមន្ត្រីអាមេរិកពីររូបបាននិយាយថា នាវា Lincoln និងនាវាចម្បាំងគាំទ្រ បានមកដល់មជ្ឈិមបូព៌ាហើយ ៕


ប្រភព ៖ The strait times ប្រែសម្រួល ៖ ឈឹម ទីណា