ក្រសួងសុខាភិបាលត្រៀមទប់ស្កាត់ការចម្លងជំងឺនីប៉ាស៍ចូលកម្ពុជា

​កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី២៨ ខែមករា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់ការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យលើអ្នកដំណើរ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងនោះមានអាកាសយានដ្ឋាន ក្រុមហ៊ុនហោះហើរ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តមក៏បានលើកឡើងផងដែរថា សម្រាប់ជំហានបន្ទាប់ គឺត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានការសង្ស័យមកដល់ គិតតាំងពីការរកឃើញអ្នកជំងឺ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព ស្របតាមទិសស្លោក «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។

សូមបញ្ជាក់ថា វីរុសនីប៉ាហ៍ ដែលកំពុងរីករាលដាលខ្លាំងនៅប្រទេសឥណ្ឌា អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត ក្នុងអត្រាចន្លោះពី៤០ទៅ៧០%។ ជំងឺនេះមានប្រភពនៅលើសត្វប្រចៀវ ហើយអាចឆ្លងទៅមនុស្សតាមរយៈសត្វចិញ្ចឹម ដូចជា ជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ ឬការទទួលទានផ្លែឈើ ឬទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវ ដែលមានផ្ទុកវីរុសនីប៉ាហ៍។

ដើម្បីកាត់បន្ថយហានិភ័យឆ្លង ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋលាងសម្អាតដៃជាប្រចាំ រក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ និងសត្វឈឺ។
ចំពោះផ្លែឈើ គឺត្រូវលាងសម្អាត និងបកសំបកមុនទទួលទាន ហើយបើសង្ស័យថា ផ្លែឈើត្រូវសត្វប្រចៀវចោះ ឬស៊ី ត្រូវបោះចោល។ សម្រាប់អ្នកចូលចិត្តទឹកត្នោត ក្រសួងណែនាំថាគួរដាំឱ្យពុះសិនមុនទទួលទាន៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ហេង សម្បត្តិ ,ថេត វិចិត្រ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner