ប្រធានរដ្ឋឡាវនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដើមខែកុម្ភៈ

ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។

តាមគម្រោង ឯកឧត្តមប្រធានរដ្ឋឡាវនឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយកាលពីព្រឹកថ្ងៃទី២៨ ខែមករា ដើម្បីពិភាក្សាអំពីការរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ឡាវ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា បានមើលឃើញថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ មកកម្ពុជានាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវ ។ លោកបន្ថែមថា ប្រទេសទាំងពីរជារដ្ឋក្បែងខាងដែលមានទំនាក់ទំនងល្អជាមួយគ្នាជាប្រពៃណីយ និងមានកិច្ចសហប្រតិបត្តការគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទការ ទាំងថ្នាក់តំបន់និងអន្តរជាតិ។

ប្រទេសកម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥៦មក។ ដើម្បីអបអរខួបលើកទី៧០នៃចំណងការទូតនេះ ព្រះមហាក្សត្រកម្ពុជាក៏មានគម្រោងយាងទៅធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវផងដែរ។

សូមបញ្ជាក់ថា ប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាប្រវែង ៥៣៥ គីឡូម៉ែត្រ ដោយបច្ចុប្បន្ន បានកំណត់ការងារខណ្ឌសីមានិងបោះបង្គោលបាន ៤៦៥ គីឡូម៉ែត្ររួចហើយ ឬស្មើនឹងប្រហែល ៨៦%នៃព្រំដែនគោកសរុប៕

ads banner