រុស្ស៊ី នឹងធានាសុវត្ថិភាពជូនលោក Zelensky បើហ៊ានទៅជួបលោក Putin ដល់ក្រុងមូស្គូ

មូស្គូ ៖ ប្រទេសរុស្ស៊ីនឹងធានាការពារសុវត្ថិភាពជូនដល់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប្រសិនបើហ៊ានទៅជួបចរចាដោយផ្ទាល់ជាមួយលោកប្រធានាធិបតី Vladimir Putin ដល់ទីក្រុងមូស្គូ ។ នេះបើតាមការអះអាងរបស់ជំនួយការវិមានក្រឹមឡាំងកាលពីថ្ងៃពុធ ។

លោក Yuri Ushakov ជំនួយការវិមានក្រឹមឡាំងនិយាយថា លោក Zelensky គួរតែធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប្រសិនបើលោកចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Putin ។ លោកថា ទីក្រុងមូស្គូនឹងធានាសន្តិសុខសុវត្ថិភាព ក៏ដូចជាលក្ខខណ្ឌដ៏ល្អសម្រាប់លោក Zelensky ។

ការអះអាងរបស់លោក Yuri Ushakov ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andri Sybiha និយាយថា លោក Zelensky ត្រៀមខ្លួនជាស្រេចក្នុងជំនួបជាមួយលោក Putin ដើម្បីដោះស្រាយបញ្ហាស្នូលចំនួន ២ ក្នុងដំណើរការសន្តិភាព ។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិក, ជំនួបដោយផ្ទាល់រវាងលោក Zelensky និងលោក Putin ក្រោមការសម្របសម្រួលពី លោក ត្រាំ គឺនៅមិនយូរទៀតទេ ។

បើតាម kyiv Independent, កន្លងមក ទាំងមេដឹកនាំអ៊ុយក្រែន និងអាមេរិក បានស្វែងរក ការរៀបចំចរចាដោយផ្ទាល់ រវាងលោក Zelensky និងលោក Putin ផងដែរ ប៉ុន្តែ ទីក្រុងម៉ូស្គូ តែងតែមានហេតុផល ម្តងហើយម្តងទៀត ដើម្បីបញ្ចៀសកិច្ចប្រជុំបែបនេះ ។

យ៉ាងណា បំណងដូចគ្នា ដែលចង់ឲ្យមេដឹកនាំទាំងពីរ បានជួបតទល់នេះ កើតមានឡើង ចំពេលដែលអ៊ុយក្រែន រុស្ស៊ី និង សហរដ្ឋអាមេរិក ធ្វើទំនាក់ទំនងការទូតឡើងវិញ ក្រោមការសម្របសម្រួល ជាថ្មី របស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជិត ៤ ឆ្នាំមកនេះ ៕

ប្រភពពី kyiv Independent, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner