ឯកអគ្គរដ្ឋទូតអូស្ត្រាលី និង ក្រសួងអប់រំកម្ពុជា សរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងវិស័យអប់រំឯកជន កម្ពុជា-អូស្ត្រាលី

​ភ្នំពេញ៖ ​សាកល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) សិក្សានៅអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប (BELTEI Group Headquarters) នៅថ្ងៃ​ទី២៩ ខែមករា ឆ្នាំ​២០២៦ ស្ថិតនៅអគារលេខ១៧១ មហាវិថី នេរុហ៍ (ផ្លូវ២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥) ដោយទទួលចុះឈ្មោះចូលរៀននៅខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។


ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ ​លើកឡើង​ថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានក្លាយជាស្ថាប័នដំបូងគេនៅកម្ពុជា ដែលសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ MONASH University លើផ្នែកពាណិជ្ជកម្ម (Business) បច្ចេកវិទ្យាព័ត៌មាន (IT) និងពេទ្យ (Health) ដែលនឹងផ្តល់ជូននិស្សិតនៅកម្ពុជា និងក្រៅប្រទេសនូវចំណេះដឹង ជំនាញ និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯក​ឧត្តម បានបញ្ជាក់ថា MONASH College គឺជាផ្នែកមួយនៃ MONASH University ដែលជាសាកលវិទ្យាល័យលំដាប់កំពូលមួយនៅប្រទេសអូស្ត្រាលី ដែលមានការទទួលស្គាល់លើគុណភាពក្នុងការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សា។


លោក Fabian Marrone ​សា​កល​វិ​ទ្យា​ធិ​ការរងនៃ MONASH University និងជានាយកប្រតិបត្តិនៃ MONASH College បានជម្រាបជូនអំពីកម្មវិធីសិក្សា និងលក្ខណៈពិសេសនៃ MONASH University ចំណែក អ្នកស្រីសាស្ត្រាចារ្យ Allie Clemans ថា MONASH University មានមោទនភាពចំពោះការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ហើយតាមរយៈ MOU នេះ នឹងគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងអប់រំ បច្ចេកវិទ្យា និងសុខភាព។ អ្នកស្រីសាស្ត្រាចារ្យ សង្ឃឹមថានឹងមានសិស្ស-និស្សិតពីកម្ពុជាទៅបន្តការសិក្សានៅ MONASH University កាន់តែច្រើន បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH – BELTEI IU Cambodia ។


ឯក​ឧ​ត្តម​បណ្ឌិត លី​ ឆេង​ សង្ឃឹមជឿជាក់ថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យនឹងទទួលបានការគាំទ្រកាន់តែច្រើននិងបង្កើនទំនុកចិត្តកាន់តែខ្ពស់ជូនអាណាព្យាបាល សិស្ស-និស្សិតជាតិ-អន្តរជាតិ លើការបណ្តុះបណ្តាល ជាពិសេសកម្មវិធីសិក្សាថ្មីដែលមានស្តង់ដារអន្តរជាតិ ដោយនិស្សិតអាចសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH – BELTEI IU Cambodia (MONASH – សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កម្ពុជា) ហើយអាចទៅបន្តការសិក្សាឆ្នាំទី២ ទី៣ និងទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី។


ឯក​ឧ​ត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី មានប្រសាសន៍ថា ការអប់រំគឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុត ដែលបានផ្តល់ឱកាសអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពជូនដល់យុវជន។ តាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-អូស្ត្រាលី ជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាជាច្រើនបានទៅបន្តការសិក្សានៅអូស្ត្រាលី។ ឯកឧត្តម មោទនភាពដែលមានអតីតនិស្សិតជាច្រើនរូបដែលបានបញ្ចប់ការសិក្សាពីអូស្ត្រាលី មានឱកាសបម្រើការងារនៅក្នុងជួររាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នកម្ពុជា ក៏ដូចជាក្នុងអាជីវកម្មផ្ទាល់ខ្លួន។ ឯកឧត្តម ក៏បានកោតសរសើរនូវចក្ខុវិស័យរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ ជាពិសេសជាមួយ Monash University នាពេលនេះ។


បើតាម លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តធានាបាននូវការអប់រំកាន់តែល្អប្រសើរសម្រាប់សិស្ស-និស្សិតកម្ពុជា។ លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលនឹងបង្កើននូវមូលធនមនុស្សក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិស្ស-និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរីកចម្រើននាពេលអនាគត។
លោកជំទាវបណ្ឌិត និង ឯកឧត្តមអគ្គរដ្ឋទូត រួមជាមួយគណៈអធិបតី និងប្រតិភូទាំងអស់ បានអញ្ជើញទស្សនកិច្ចអគារស្នាក់នៅរបស់និស្សិត បន្ទប់ហ្វឹកហាត់អាកាសយានិក បណ្ណាល័យឌីជីថល និងផ្នែកសំខាន់ៗ របស់សាកលវិទ្យាល័យផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner