កម្លាំងចម្រុះខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ ៣ ឃាត់ខ្លួនអ្នកកត់ឆ្នោត និងអ្នកលេងបាន៤នាក់
ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ផងដែរនោះ នៅវេម៉ោង ១៥ និង៤០នាទី នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងនគរបាល និងកម្លាំងប្រជាការពារជាច្រើននាក់ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបើកការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្សារក្រមួនលូ៥ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការណ៍នោះ កម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សស្រីចំនួន ៤នាក់ ក្នុងនោះ ២នាក់ជាអ្នកកត់ និង២នាក់ ទៀតជាអ្នកចូលទៅចាក់ និងដកហូតលុយខ្មែរ ២លានរៀល រួមទាំងក្រដាស់ឆ្នោតខុសច្បាប់ជាច្រើន រួមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ ។
ក្រោយការឃាត់ខ្លួនមនុស្សទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ចូនកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ក្នុងនោះដែរ អ្នកដែលចូលទៅចាក់២នាក់ គឺត្រូវនគរបាលធ្វើការអប់រំណែនាំរួចអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកស្ត្រី២នាក់ទៀតដែលជាអ្នកកត់ ត្រូវឃាត់ខ្លួនរងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕