ជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ៨ឆ្នាំ ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ករណីរំលោភលើក្មេងស្រីអាយុ៨ឆ្នាំ ។
ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បាឬអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ឌាំង យ៉ាំងញឹក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ត.ថ អាយុ៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ក្មេងស្រីរងគ្រោះបានដើរតែម្នាក់ឯង ក្បែររបងវិហារ ម្តុំមាត់ទន្លេ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះជនសង្ស័យបានឃើញក្មេងស្រីរងគ្រោះ ក៏យកកន្ត្រៃទៅកាត់សម្លៀកបំពាក់របស់ក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះនិងគំរាមមិនឲ្យប្រាប់អ្នកណា បើហ៊ាននឹងសម្លាប់ចោល។ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ទើបបែកធ្លាយ ដោយឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង រហូតដល់ម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕