កម្ពុជា-ជប៉ុនពិភាក្សាគ្នាពីគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែថា្នក់តំបន់
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធនានា។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធ៍នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីការបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ១៩៩៦មក ហើយសម្រាប់ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០នៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។
ឯកឧត្តម UENO Atsushi បានបន្តថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះក៏នឹងក្លាយជាគម្រោងមួយទៀត ដែលជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំ រវាងកម្ពុជា-ជប៉ុនដ៏រឹងមាំ ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។
សូមជម្រាបថា កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចឯកភាពលើរបៀបវារៈការងារសំខាន់ៗ មួយចំនួនដូចជា៖ ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់, ការរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, ព្រមទាំងការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង, និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ-ពិគ្រោះយោបល់ និងរៀបចំវគ្គបណ្តុះបណ្តាល។
គួររំលឹកផងដែរថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់។
នេះជាចក្ខុវិស័យដ៏ច្បាស់លាស់ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការប្រកួតប្រជែងផ្នែកដឹកជញ្ជូន-ឡូជីស្ទីក និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕


