ដំណើរទស្សនកិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ រវាងប្រតិភូថៃ ជាមួយគណៈ កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមកិច្ចសម្របសសម្រួលរបស់អង្គការក្រុមអ្នកស្ម័គ្រចិត្តស៊ីវិល (GVC)  សហការជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើការងារទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្សលើកទី២ រវាងព្រះរាជាណាកម្ពុជា និងព្រះរាជាណាចក្រថៃ នៅសណ្ឋាគារអង្គរមឺរ៉ាខល ក្រោមអធិបតីភាព ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ មកពីខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តកំពង់ចាម ព្រមទាំងមានចូលរួមពី អនុប្រធានទី១ សហគមអឺរ៉ុប ប្រចាំកម្ពុជា តំណាងរដ្ឋបាលក្រសួងសន្តិសុខនៃនាយករដ្ឋមន្រ្តីថៃ ក្រសួងការពារថៃ និងអង្គការជាតិ-អន្តរជាតិ ចូលរួមផងដែរ។  សន្និសីទអន្តរជាតិទ្វេភាគី នេះធ្វើឡើងដើម្បីបង្កើនកិច្ចសន្ទនា  ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទំាងពីរ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធ និងការអនុវត្តគោលនយោបាយទាក់ទងនឹងការលើកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់ ។ សូមបញ្ជាក់ផងដែលថា កិច្ចប្រជុំទ្វេភាគីនេះ ធ្លាប់បានធ្វើការរៀបចំលើកទី១ កាលពីខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ ម្តងមកហើយ ក្នុងនោះកិច្ចប្រជុំពិភាក្សាក៏បានករឃើញនូវបញ្ហារួម រវាងប្រទេសទាំងពីរ អំពីបញ្ហាទេសន្តរប្រវេសន៍ការងាររបស់ពលករខែ្មរ ដែលបានចំណាកស្រុកទៅធ្វើការក្នុងប្រទេសថៃកន្លងមក។
ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តសៀមរាប បានទទួលជួបពិភាក្សាជាមួយប្រតិភូ នៃព្រះរាជាណាចក្រថៃ និងអង្គការពាក់ព័ន្ធ ដែលដឹកនាំដោយ លោកស្រី Manoothum Naovanan អ្នកសម្របសម្រួលរបស់អង្គការក្រុមអ្នកស្ម័ត្រចិត្តស៊ីវិល ហើយលោកស្រីក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចសិក្សាអន្តរជាតិ ដើមី្បធ្វើ កិច្ចពិភាក្សាគ្នា ព្រមទាំងធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក រកឲ្យឃើញនូវគន្លឹះល្អៗ ដែលជាយន្តការមួយដ៏សំខាន់ សម្រាប់យកទៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ទៀតផង ។  លោកស្រីក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះជាការពង្រឹងនៅកិច្ចសហប្រតិបត្តិការ ក្នុងការកាត់បន្ថយការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សទាំង ពលករ និងការបម្រើផ្លូវភេទជាដើម  ហើយកិច្ចប្រជុំនេះក៏ជាការផ្លាស់ប្តូរនូវព័ត៌មានពីគ្នា ក៏ដូចជាការពង្រឹងស្ថាប័នផងដែរ។
លោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានបញ្ជាក់គោលបំណង និង ការបង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ ការបង្រ្កាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និងបំផុសការយល់ដឹង ការប្រុងស្មារតី និងធ្វើសកម្មភាពប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់រូបភាព ។ លោកជំទាវ ក៏បានបន្តទៀតថា ដើមី្បទប់ស្កាត់ការជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព នៅទូទាំងខេត្ត ទៅតាមតួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និងរួមចំណែកដោយ  ឆន្ទះនិងមនសិការ ព្រមទាំងធ្វើការពង្រីកការយល់ដឹង និងទទួលបានព័ត៌មានពាក់ព័ន្ធ និង វិសាលភាពនៃបទល្មើសជួញដូរមនុស្សដល់ប្រជាពលរដ្ឋ របស់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូរពាក់ព័ន្ធ ។  លោកស្រីក៏បានបង្ហាញជូនប្រតិភូអំពីការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ  ដែលរួមមានទាំងរចនាសម្ព័ន្ធ យន្តការគាំទ្រ តួនាទីភារកិច្ច ផែនការយុទ្ធសាស្រ្ត លទ្ធផលការងារកន្លងមក បញ្ហាប្រឈម និងទិសដៅសម្រាប់អនុវត្តបន្តទៀតផងដែរ។ 
បន្ទាប់ពីកិច្ចជំនួបពិភាក្សាត្រូវបានបញ្ចប់នៅថ្នាក់ខេត្ត ប្រតិភូ ក៏បានបន្តដំណើរ ចុះទស្សនកិច្ចនៅសហគមន៍ ក្នុងភូមិតារៀម ឃុំជីក្រែង ស្រុកជីក្រែង ដែលក្នុងសហគមន៍ មានអតីតពលករមួយចំនួន ធ្លាប់បាន  ចំណាកស្រុកទៅប្រទេសថៃ រងគ្រោះ និងមានបងប្អូនពលករជាច្រើនទៀតកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃ ទាំងមានឯកសារស្របច្បាប់ និងមិនមានឯកសារស្រប។  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner