អភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យនាំយករថយន្តដឹកទឹកទៅបាញ់ស្រោចស្រព តាមទីធ្លាសាលាបឋមសិក្សាចំនួន២ក្នុងខណ្ឌ
ភ្នំពេញ៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានចាត់ឲ្យកម្លាំងប្រជាការពារនាំយករថយន្ដពន្លត់អគ្គិភ័យ ដើម្បីដឹកទឹកទៅបាញ់ស្រោចស្រពតាមទីធ្លា និងដំបូលសាលាបឋមសិក្សាច្រាំងចម្រេះ និងឫស្សីកែវ ក្នុងការកាត់បន្ថយកម្ដៅកំពុងឡើងខ្លាំង ជូនលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សកំពុងសិក្សារៀនសូត្រ ដែលជាការឆ្លើយតបតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
បើតាមលោក ជា ពិសី បន្ទាប់ពីមានការណែនាំពីអភិបាលរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកំដៅដែលប្រែប្រួលដោយអាកាសធាតុឡើងកំដៅខ្លាំង និងអាចបណ្ដាលឲ្យកើតមានជំងឺតម្កាត់ផ្សេងៗជាយថាហេតុ ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលកំពុងបន្តសិក្សារៀនសូត្រនៅសាលាបឋមសិក្សាច្រាំងចម្រេះ និងឫស្សីកែវ ទើបមានវិធានការនាំយករថយន្ដពន្លត់អគ្គិភ័យដឹកទឹកទៅបាញ់ស្រោចស្រពតាមទីធ្លា និងដំបូលសាលាបឋមសិក្សាទាំងពីរ ដើម្បីឲ្យទទួលបានភាពត្រជាក់ខ្លះៗ មកវិញ ទៅតាមលទ្ធភាពធ្វើទៅបាន៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ