ចិនបញ្ចេញសាច់ដុំយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយហ្វីលីពីន
ប៉េកាំង ៖ កងទ័ពជើងទឹក និងអាកាសរបស់ប្រទេសចិន បានរួមគ្នាចេញល្បាតជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough ក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី៣១ ខែមករា ដែលជាតំបន់ជម្លោះដែនទឹករវាងចិន និងហ្វីលីពីន ។
បើតាមសារព័ត៌មាន The Straits Times, សមយុទ្ធរបស់ចិននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពហ្វីលីពីន និងយោធាអាមេរិក ទើបតែបានបញ្ចេញសាច់ដុំយោធារួមក្នុងតំបន់ថ្មប៉ប្រះទឹកនេះ កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ។
ស្របពេលធ្វើសមយុទ្ធ ទីបញ្ជាការកងទ័ពភាគខាងត្បូងចិនក៏បានប្រកាសផងដែរថា ប្រទេសចិនបានចាប់ផ្ដើមនូវការត្រៀមខ្លួនផ្នែកប្រយុទ្ធក្នុងតំបន់នេះកាលពីខែមករាដើមឆ្នាំ ដើម្បីប្រឆាំងនឹងការបង្កហេតុរបស់រដ្ឋនានានៅក្នុងតំបន់ ។
គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Scarborough គឺជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខ [EEZ] ដែលហ្វីលីពីនចាត់ទុកថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ។ ប៉ុន្តែភាគីចិនក៏ប្រកាសថា ជាដែនទឹករបស់ខ្លួនផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
