រុស្ស៊ី កើបលុយ ១៥ ពាន់លានដុល្លារ ពីការនាំចេញអាវុធក្នុងឆ្នាំ ២០២៥

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបូមលុយពីការនាំចេញគ្រឿងសព្វាវុធយោធាទៅកាន់ប្រទេសជាង ៣០ ទូទាំងពិភពលោក រហូតដល់ ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ បើទោះបីជារងសម្ពាធទណ្ឌកម្មពីលោកខាងលិច ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនក៏ដោយ ។

បើតាមសារព័ត៌មាន The Striats Times ចេញផ្សាយថ្ងៃទី៣១ ខែមករា, លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះរបាយការណ៍នេះ និងថា សម្ពាធពីប្រទេសលោកខាងលិចនៅតែមាន ប៉ុន្តែទោះបីជាមានការប៉ុនប៉ងទាំងអស់នេះក៏ដោយ ក៏កិច្ចសន្យានាំចេញរបស់រុស្ស៊ី ជាទូទៅ ត្រូវបានគោរពយ៉ាងជាប់លាប់ជាមួយដៃគូរ ។

លោក ពូទីន មានវ័យ៧៤ឆ្នាំរូបនេះ បានប្រាប់កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាតាមប្រព័ន្ធវីដេអូអនឡាញថា ប្រទេសអាហ្វ្រិកកំពុងបង្ហាញចំណាប់អារម្មណ៍ ជាពិសេសចំពោះផលិតកម្មសព្វាវុធយោធារបស់រុស្ស៊ី ។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ទោះបីមានសម្ពាធពីលោកខាងលិចក៏ដោយ ក៏ដៃគូអាហ្វ្រិកកំពុងបង្ហាញពីការត្រៀមខ្លួន ដើម្បីពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងវិស័យយោធា និងបច្ចេកទេសយោធា ។

យោងតាមផែនការសម្រាប់ឆ្នាំ ២០២៦ រុស្ស៊ីមានមហិច្ចតាបង្កើនបរិមាណនាំចេញគ្រឿងសព្វាវុធយោធាទៅកាន់បណ្តាប្រទេសទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងប្លុកអាហ្វ្រិក ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI), រុស្ស៊ីបានក្លាយជាប្រទេសឈានមុខគេមួយលើពិភពលោក ក្នុងការនាំចេញគ្រឿងសព្វាអាវុធយោធាក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយសារតែភាពជឿជាក់ផ្នែកបច្ចេកវិទ្យាទំនើបៗ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner