អ៊ីរ៉ង់ ចោទ អាមេរិក អ៊ីស្រាអែល និងអឺរ៉ុប នៅពីក្រោយការតវ៉ាដ៏បង្ហូរឈាម
តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃទី៣១ ខែមករាថា មេដឹកនាំអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប បានកេងប្រវ័ញ្ចបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដើម្បីញុះញង់ឱ្យមានភាពចលាចល និងផ្តល់មធ្យោបាយដល់ប្រជាជន ដើម្បីបំបែកបំបាក់ប្រទេសជាតិ នៅក្នុងការតវ៉ាដ៏បង្ហូរឈាមថ្មីៗនេះ ។
លោកប្រធានាធិបតី Pezeshkian បានចោទប្រកាន់ចំៗតាមបញ្ចក់ទូរទស្សន៍រដ្ឋថា មេដឹកនាំអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប បានព្យាយាមញុះញង់ បង្កើតការបបែកបំបាក់ផ្ទៃក្នុង និងផ្គត់ផ្គង់ធនធាននានា ដើម្បីទាក់ទាញមនុស្សស្លូតត្រង់មួយចំនួនឱ្យចូលរួមក្នុងចលនានេះ ។
មេដឹកនាំអ៊ីរ៉ង់រូបនេះបន្ថែមថា ពួកគេចង់ឲ្យអ៊ីរ៉ង់បែកបាក់សាមគ្គីគ្នា ដើម្បីសាបព្រោះជម្លោះ និងការស្អប់ខ្ពើម ក្នុងចំណោមប្រជាជន ។ លោកថា មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា បញ្ហានេះមិនមែនគ្រាន់តែជាការតវ៉ាក្នុងសង្គមនោះទេ ។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Pezeshkian ចង់សំដៅដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្លាប់បានជំរុញឱ្យបាតុករអ៊ីរ៉ង់ កុំទម្លាក់ដៃធ្វើបាតុកម្ម ព្រោះជំនួយកំពុងធ្វើដំណើរជិតដល់ហើយ ខណៈដែលអាមេរិកក៏កំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ។
បើតាមសារព័ត៌មាន The Straits Times, ការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ដែលចាប់ផ្តើមនៅចុងខែធ្នូ ជុំវិញវិបត្តិសេដ្ឋកិច្ច និងការកើនឡើងតម្លៃនៃការរស់នៅ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦,៥៦៣នាក់ ក្នុងនោះអ្នកតវ៉ា ៦,១៧០នាក់ និងកងកម្លាំងសន្តិសុខ ២១៤នាក់ នេះបើតាមក្រុមសិទ្ធិមនុស្សអាមេរិក ។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ប្រាប់សារព័ត៌មាន CNN របស់តួកគីថា បាតុករចំនួន ៣,១០០នាក់ រួមទាំងកងកម្លាំងសន្តិសុខ ២,០០០នាក់បានបាត់បង់ជីវិត ៕




ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា