ដ្រូនរុស្ស៊ីវាយប្រហារឡានក្រុងអ៊ុយក្រែន ស្លាប់១២នាក់

កៀវ ៖ យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានវាយប្រហារ លើឡានក្រុង ដឹកកម្មករអណ្តូងរ៉ែ នៅភាគខាងកើត ប្រទេស អ៊ុយក្រែន សម្លាប់មនុស្ស ១២នាក់ កាលពីថ្ងៃអាទិត្យ។

ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារនេះ បានកើតមានឡើង នៅក្នុងតំបន់ Dnipropetrovsk ពោលគឺចំពេលដែលរថយន្តក្រុង កំពុងបើកបរ នៅក្នុងតំបន់ជុំវិញទីក្រុង Ternivka ជាទីប្រជុំជន មានចម្ងាយ ប្រហែល ៦៤គីឡូម៉ែត្រ ពីជួរខាងមុខ។

ក្រុមហ៊ុន DTEK ដែលជាក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុត របស់អ៊ុយក្រែន បាននិយាយថា អ្នកដែលត្រូវបានសម្លាប់ គឺ កំពុងធ្វើដំណើរចេញពីកន្លែងរុករករ៉ែមួយ នៅក្នុងតំបន់ បន្ទាប់ពីពួកគេបានបញ្ចប់ការផ្លាស់ប្តូរវេនការងារ។

ប្រមុខរដ្ឋបាលយោធា ក្នុងតំបន់ លោក Oleksandr Ganzha បាននិយាយ នៅលើ Telegram ថា «យន្តហោះគ្មានមនុស្សបើក របស់សត្រូវ បានបុក នៅជិតរថយន្តក្រុង របស់ក្រុមហ៊ុន នៅក្នុងស្រុក Pavlograd…ជាបឋម មនុស្ស ១២ នាក់បានស្លាប់ និង ៧ នាក់ទៀត បានរងរបួស»។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីលោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោក Putin បានយល់ព្រមបញ្ឈប់ ការវាយប្រហារ លើទីក្រុង Kyiv និង ទីក្រុងផ្សេងៗ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់។ ការណ៍នេះ នាំឲ្យមានភាពមិនច្បាស់លាស់ ជុំវិញការព្រមព្រៀងនេះ។

អភិបាលតំបន់ Zaporizhzhia របស់អ៊ុយក្រែន បាននិយាយដែរថា កាលពីព្រឹកថ្ងៃអាទិត្យ ក៏មានយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី វាយប្រហារមន្ទីរពេទ្យសម្ភពមួយកន្លែង ផងដែរ ដោយបានបណ្តាលឲ្យមនុស្ស យ៉ាងតិច ៧នាក់ រងរបួស ក្នុងនោះ មានទាំងស្ត្រី ២នាក់ ដែលកំពុងពិនិត្យសុខភាព៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner