លីបង់ចោទអ៊ីស្រាអែលរំលោភច្បាប់មនុស្សធម៌អន្តរជាតិ

បេរូត ៖ ក្រសួងសុខាភិបាលលីបង់ នៅថ្ងៃអាទិត្យបានថ្កោលទោសការគំរាមកំហែងរបស់អ៊ីស្រាអែល ប្រឆាំងនឹងមន្ទីរពេទ្យនៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយហៅវាថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ការគំរាមកំហែងទាំងនេះ បានបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់អាយុជីវិតជនស៊ីវិល និងក្រុមគ្រូពេទ្យ ហើយថា មណ្ឌលថែទាំសុខភាពគឺជាស្ថាប័នមនុស្សធម៌ដែលមានសិទ្ធិទទួលបានការការពារក្រោមច្បាប់អន្តរជាតិគ្រប់ពេលវេលា ។

ក្រសួងបន្ថែមថា ការកំណត់គោលដៅ ឬការគំរាមកំហែងណាមួយលើមណ្ឌលថែទាំសុខភាព នឹងបង្កើតបានជាបទឧក្រិដ្ឋដែលមិនអាចរាប់ជាសុចរិត ទោះបីស្ថិតក្រោមលេសណាមួយឡើយ ។

ទន្ទឹមគ្នា ក្រសួងអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីការពារប្រព័ន្ធថែទាំសុខភាពលីបង់ ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីមន្ទីរពេទ្យ Martyr Salah Ghandour ក្នុងទីក្រុង Bint Jbeil ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់ ថា ពួកគេបានទទួលការគំរាមកំហែង តាមរយៈខិត្តប័ណ្ណ ដែលគេសង្ស័យថា បានទម្លាក់ដោយកងកម្លាំងអ៊ីស្រាអែល ។

គួរបញ្ជាក់ថា អ៊ីស្រាអែលតែងតែចោទប្រកាន់ក្រុមប្រដាប់អាវុធ ថាបានប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យ សម្រាប់គោលបំណង យោធា ដែលនេះជាការអះអាង ដែល អាជ្ញាធរសុខាភិបាលលីបង់ និង អ្នកគ្រប់គ្រងមន្ទីរពេទ្យបានបដិសេធម្តងហើយ ម្តងទៀត ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner