បណ្ឌិត គិន ភា៖ ការទទួលយកបទឈប់បាញ់ គឺមិនមែនជាការកំសាក ឬជាការចុះចាញ់ទេ ប៉ុន្តែជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិឱ្យមានជីវិតតទៅជានិរន្តន៍
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ការទទួលយកបទឈប់បាញ់ តើបង្ហាញពីភាពខ្សោយភាពកំសាករបស់កងទ័ព ភាពខ្សោយរបស់រាជរដ្ឋាភិបាល ឬក៏ការចុះញ៉មរបស់ប្រជាជាតិខ្មែរចំពោះសត្រូវឈ្លានពានឬយ៉ាងណា?
គឺមិនមែនទេ មិនមែនជាការកំសាក ឬជាការចុះចាញ់ទេ។ ប៉ុន្តែគឺជាការប្រើប្រាស់នូវមធ្យោបាយសន្តិវិធី ជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការគិតគូរដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិយើងឱ្យមានជីវិតតទៅជានិរន្តន៍។
បណ្ឌិត គិន ភា បានបន្តថា ការពិភាក្សាថ្ងៃនេះ យើងចង់បង្ហាញថា បើទោះបីជាស្នូរកាំភ្លើងបានស្ងាត់ ផ្សែងលែងហុយ ក៏ប៉ុន្តែស្មារតីតស៊ូរបស់ប្រជាជាតិយើង គឺមិនបានសម្រាកមួយវិនាទីណាទេ! យើងប្តូរពីការប្រើប្រាស់កម្លាំង ពីការប្រើប្រាស់មធ្យោបាយយោធា មកប្រើប្រាស់កម្លាំងជាតិសរុប គឺមធ្យោបាយច្បាប់ មធ្យោបាយការទូត មធ្យោបាយព័ត៌មាន និងមធ្យោបាយនៃស្មារតីជាតិខ្មែរ ដើម្បីធានាថាមរតកដូនតារបស់យើងមិនត្រូវបានបាត់បង់ ហើយអធិបតេយ្យភាពរបស់ជាតិយើងក៏មិនត្រូវបានបាត់បង់ដែរ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ការទទួលយកបទឈប់បាញ់ ការថែរក្សាបទឈប់បាញ់ គឺមិនមែនជាការចុះចាញ់ទេ! ប៉ុន្តែយើងគ្រាន់តែដូរវិធីសាស្រ្តក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពាន! ដូច្នេះរាជរដ្ឋាភិបាលមិនខ្សោយទេ កងទ័ពរបស់យើងក៏មិនកំសាកដែរ ហើយប្រជាជាតិរបស់យើងក៏មិនចុះញ៉មចំពោះមុខសត្រូវឈ្លានពានដែរ យើងជ្រើសរើសវិធីដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសវិនាសកម្មជាតិ។ ជម្រើសនេះខ្ញុំអាចនិយាយបានថា ជាជម្រើសដ៏ចាស់ទុំមួយរបស់រាជរដ្ឋាភិបាលរបស់យើង៕
ដោយ៖ពលជ័យ