ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ជាផ្លូវការ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភានារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
អាន៖ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃថ្ងៃទី២ ខែកុម្ភៈដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
មុនអញ្ជើញជួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន , ឯកឧត្តម ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូអ៊ីស្លាមប៉ាគីស្ថាន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្ដែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផងដែរ ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន នៅកម្ពុជា នាពេលនេះ ក៏នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់ របៀបវារៈការទូតសភា របស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការកសាង និងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕
ដោយ៖ វណ្ណលុក













