លោក ដូណាល់ ត្រាំ ចង់ផ្លាស់ប្តូររបបដឹកនាំ គុយបា ចុងឆ្នាំនេះ
វ៉ាស៊ីនតោន ៖ កាសែតដ៏ល្បី The Wall Street Journal បានចេញផ្សាយរបាយការណ៍មួយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននឹងកំពុងស្វះស្វែងផ្លាស់ប្តូររបបដឹកនាំក្នុងប្រទេសគុយបា នៅត្រឹមចុងឆ្នាំ ២០២៦នេះ ។
របាយការណ៍នេះ កើតឡើងស្របពេលដែលលោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែកុម្ភៈថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយមន្ត្រីជាន់ខ្ពស់គុយបា ហើយលោកគិតថា ភាគីទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយ ។
បើតាមសារព័ត៌មាន NHK, លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា គុយបា គឺជាប្រទេសមួយដែលកំពុងបរាជ័យ ហើយប្រទេសក្នុងតំបន់ការ៉ាប៊ីនមួយនេះ លែងមានវ៉េណេស៊ុយអេឡា ជាខ្នងបង្អែកតទៅទៀតហើយ ។
យ៉ាងណា មេដឹកនាំអាមេរិករូបនេះ មិនបានទម្លាយឱ្យដឹង ថាតើកិច្ចព្រមព្រៀងដែលលោកលើកឡើងនោះ ជាអ្វី និងមានគោលបំណងអ្វីនោះទេ ប៉ុន្តែបើតាមកាសែត The Wall Street Journal, លោក ត្រាំ កំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំគុយបា យ៉ាងយូរនៅត្រឹមចុងឆ្នាំនេះ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននឹងកំពុងបង្កើនសម្ពាធលើប្រទេសគុយបា ដោយលើកហេតុផលថា ប្រទេសសង្គមនិយមការ៉ាប៊ីនមួយនេះ បានបង្កើតការគំរាមកំហែងមិនធម្មតាដល់សន្តិសុខជាតិអាមេរិក ។
បន្ថែមលើនេះ លោក ត្រាំ ថែមទាំងបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ពន្ធបន្ថែមលើប្រទេសទាំងឡាយ ដែលហ៊ានផ្គត់ផ្គង់ប្រេងដល់គុយបា ខណៈពេលដែលមានការព្រួយបារម្ភខ្លាំងថា កង្វះខាតថាមពល និងបញ្ហាគួបផ្សំផ្សេងៗទៀត នឹងធ្វើឱ្យប្រទេសនេះធ្លាក់ជ្រៅទៅក្នុងវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា


