បណ្ឌិត គី សិរីវឌ្ឍ៖ បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ បណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា អំឡុងពេល២០ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានបង្កនូវវិនាសកម្មយ៉ាងច្រើន។ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានបំផ្លាញជាច្រើនកន្លែងពីការទម្លាក់គ្រាប់បែក ដូច្នេះបើសង្គ្រាមនេះបន្តអូសបន្លាយតទៅមុខទៀត នោះភាពខ្ទេចខ្ទាំនឹងកាន់តែច្រើន និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិយើង!

បណ្ឌិត គី សិរីវឌ្ឍ បានបន្តថា ទាំងបច្ចុប្បន្ន និងអតីតកាល គឺដូចគ្នា យើងមិនអាចយកដៃម្ខាងធ្វើសង្គ្រាម ដៃម្ខាងអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះទេ។ កាលណាមានសង្គ្រាម រាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិច្រើនលើសព្វាវុធ បងប្អូនប្រជាពលរដ្ឋយើងដែលនៅតាមបន្ទាត់ព្រំដែនត្រូវអាក់ខានមុខរបរចិញ្ចឹមជីវិត ហើយប្រជាពលរដ្ឋដែលនៅឆ្ងាយពីព្រំដែនមិនសូវរងផលប៉ះពាល់ទេ ប៉ុន្តែមានផលជះលើផ្នែកសេដ្ឋកិច្ចដូចគ្នា ដោយការព្រួយបារម្ភធ្វើឱ្យមានការចុះខ្សោយការចាយវាយប្រចាំថ្ងៃ បែរជាយកលុយដាក់ជាការសន្សំទៅវិញ ហើយកាលណាប្រជាពលរដ្ឋឈប់ចាយលុយ ដូច្នេះអ្នកដែលរងផលប៉ះពាល់បន្ទាប់ពីនេះ គឺអ្នកផ្តល់សេវាលក់រាយ លក់ដុំ និងសេវាផ្សេងៗទៀត។ បន្ទាប់ពីនេះប្រជាពលរដ្ឋយើងនឹងប្រឈមការលក់ដូរមិនសូវដាច់ ដែលជាឥទ្ធិពលដែលជះមកជាបន្តបន្ទាប់។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ការប៉ះពាល់ដល់ផ្នែកវិនិយោគ ខណៈដែលវិនិយោគិនពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយវិនិយោគិនក្នុងប្រទេសចាប់ផ្តើមរត់ចេញពីយើងទាំងអស់ ហើយអ្នកទេសចរក៏មិនចង់មកលេងប្រទេសដែលមានសង្គ្រាមដែរ។

កត្តាទាំងអស់នេះ មានផលអវិជ្ជមានចំពោះសេដ្ឋកិច្ចជាតិបន្ទាប់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា! ដូច្នេះបទឈប់បាញ់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ដែលអាចឱ្យប្រជាពលរដ្ឋត្រលប់ទៅលំនៅឋាន និងមានលទ្ធភាពបង្កបង្កើនផលឡើងវិញ អ្នកប្រកបរបរផ្សេងៗទៀតអាចប្រកបអាជីវកម្មឡើងវិញ ហើយប្រជាពលរដ្ឋផ្សេងទៀតមានអារម្មណ៍ធូរស្រាល និងអាចចាយវាយឡើងវិញ…”។
ដោយ៖ពលជ័យ

ads banner