ក្រសួងឧស្សាហកម្មណែនាំរោងចក្រឲ្យរៀបចំប្លង់ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យត្រឹមត្រូវ

ខណៈចំនួនរោងចក្រ សហគ្រាស និងតម្រូវការអគារឧស្សាហកម្ម កំពុងកើនឡើងជាបន្តបន្ទាប់ ការគិតគូរអំពីសុវត្ថិភាព និងការគ្រប់គ្រងហានិភ័យកាន់តែមានសារៈសំខាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការខូចខាតដល់អាយុជីវិត និងសុខភាពកម្មករ-និយោជិត។

កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស និងប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្ម គឺជាគ្រឹះសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ក្នុងន័យនេះ ប្លង់បច្ចេកទេសរោងចក្រ ដែលត្រូវបានគិតគូរ និង រៀបចំយ៉ាងម៉ត់ចត់ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតកម្មករ-និយោជិត។

ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា រោងចក្រ និងសហគ្រាស ចាំបាច់ត្រូវមានច្រកសុវត្ថិភាព និងប្រព័ន្ធជម្លៀសអាសន្ន ស្របតាមប្លង់បច្ចេកទេស ដើម្បីធានាការជម្លៀសបានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យដល់សុខភាព និងអាយុជីវិតបុគ្គលិក នៅពេលមានហេតុការណ៍អាសន្នកើតឡើង។

ក្រសួងឧស្សាហកម្មបានអំពាវនាវឱ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់ អនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងការបំពុល និងហានិភ័យ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនផលិតភាព កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះអាជីវកម្ម ព្រមទាំងបញ្ចៀសការរងពិន័យពីស្ថាប័នមានសមត្ថកិច្ច។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣ ០៨៣កន្លែង កើនឡើង២៧% ធៀបនឹងឆ្នាំ២០២៤។ ទុនវិនិយោគសរុបមានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើង២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៣ ៩០០ លានដុល្លារអាមេរិក ឬស្មើនឹង ១៥% នៃទុនវិនិយោគសរុប៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner