ក្រសួងធនធានទឹកត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួតជាយថាហេតុ

នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីផ្សព្វផ្សាយ និងត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត ដែលមានសមាសភាពចូលរួមមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជម្រាបជូនអំពីសក្តានុពលទឹកដែលមានក្នុងក្របខណ្ឌទូទាំងប្រទេស និងបរិមាណទឹកដែលមានជាក់ស្តែងនៅតាមបណ្តាអាងទឹកធំៗ ព្រមទាំងពិភាក្សាដើម្បីរៀបចំផែនការ និងត្រៀមវិធានការចាំបាច់នានាក្នុងការឆ្លើយតបទៅនឹងទៅនឹងគ្រោះរាំងស្ងួត ដែលអាចកើតមានជាយថាហេតុ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ឱ្យដឹងថា អាងស្តុកទឹក បឹងបួ នៅទូទាំងប្រទេសកម្ពុជា មានសមត្ថភាពស្តុកទឹកទុកបានសរុបប្រមាណជាង ៤ពាន់លានម៉ែត្រគូប សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការស្រោចស្រពកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងរក្សាប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបរិមាណទឹកនេះនៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងនោះទេ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី មានចក្ខុវិស័យក្នុងការកសាងអាងស្តុកទឹកធំៗថ្មីបន្ថែម ស្តារអាងទឹកដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង និងកាត់បន្ថយទឹកជំនន់។ ជាមួយគ្នានេះដែរ ក្រសួងក៏មានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលមិនទាន់ពេញលេញ ឱ្យក្លាយជាប្រព័ន្ធធារាសាស្ត្រពេញលេញ ក្នុងគោលបំណងបញ្ជូនទឹកដល់ស្រែកសិករបានទាន់ពេលវេលា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមទៀតថា ការគ្រប់គ្រងទឹក គឺត្រូវអនុវត្តក្នុងក្របខ័ណ្ឌអាងទន្លេ/ស្ទឹង ហើយត្រូវដឹងពីតម្រូវការនៃការប្រើប្រាស់ទឹកពីភាគីពាក់ព័ន្ធ និងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង និងបែងចែក ព្រមទាំងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមដែលកើតឡើងដោយសារទឹក៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner