អាមេរិក ថា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយប្រហារ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកមិនទាន់មានសមត្ថភាពខាងយោធាគ្រប់គ្រាន់ ដើម្បីវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បាននៅឡើយទេ ដោយសារតែនៅខ្វះប្រព័ន្ធខែលការពារដែនអាកាសនៅតំបន់មជ្ឈិមបូព៌ា ។ នេះបើតាមមន្ត្រីអាមេរិកថ្លែងប្រាប់កាសែត Wall Street Journal កាលពីថ្ងៃចន្ទ ។
ប្រភពដដែលបញ្ជាក់ថា បើទោះបីជានាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន ក៏ដោយ ប៉ុន្តែការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ មិនទាន់អាចកើតឡើងបាននោះទេ ពីព្រោះទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើឱ្យប្រាកដថា ទាំងអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត នៅអារ៉ាប់ ក៏ដូចជាកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ត្រូវបានការពារយ៉ាងត្រឹមត្រូវ ជាមុនសិន ។
យ៉ាងណា មន្ត្រីការពារជាតិអាមេរិក បានប្រាប់ Wall Street Journal ថា មន្ទីរបញ្ចកោណ គ្រោងនឹងបញ្ជូនប្រព័ន្ធខែលការពារដែនអាកាសដូចជា Patriot និង Thaad បន្ថែមទៀតទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី គុយវ៉ែត បារ៉ែន អារ៉ាប៊ីសាអូឌីត កាតា និងកន្លែងផ្សេងទៀត ។
បើតាម RT, បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន, ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារយ៉ាងចាស់ដៃ លើអ៊ីស្រាអែល និង វាយលុកមូលដ្ឋានទ័ពអាកាសអាមេរិក al-Udeid នៅក្នុងប្រទេសកាតា ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ព្រមានកាលពីថ្ងៃអាទិត្យ ថា រាល់សកម្មភាពយោធា របស់សហរដ្ឋអាមេរិក នឹងមានផលវិបាកយ៉ាងទូលំទូលាយ នៅទូទាំងមជ្ឈិមបូព៌ា ដែលអាចក្លាយជាសង្រ្គាម ក្នុងតំបន់ទាំងមូល ។
ឆ្លើយតបនឹងរឿងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបើកទ្វារចំហផ្នែកការទូត ដោយសង្ឃឹមថា ភាគីទាំងពីរនឹងអាចធ្វើកិច្ចព្រមព្រៀងណាមួយជាមួយគ្នា ។
អ៊ីរ៉ង់ ធ្លាប់បានព្រមាន លោក Trump ម្តងហើយម្តងទៀត កុំឲ្យធ្វើដើរផ្លូវខុសឲ្យសោះ ព្រោះថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រៀមខ្លួនផ្ទុះអាវុធខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេសអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មានចំពោះការឈ្លានពានណាមួយពីសត្រូវទាំងនេះ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត