អាមេរិក ចាយ ១២ ពាន់លានដុល្លារ បង្កើតឃ្លាំងស្តុករ៉ែសំខាន់ៗ កាត់បន្ថយការពឹងផ្អែកលើចិន
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ត្រៀមចំណាយលុយដល់ទៅ ១២ពាន់លានដុល្លារ ដាក់ដំណើរការឃ្លាំងស្តុករ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការផ្តេកផ្តួលពឹងដង្ហើមចិនដក ពាក់ព័ន្ធជាមួយបញ្ហារ៉ែកម្រ និងធនធានធម្មជាតិផ្សេងទៀត ។

រ៉ែកម្រដែលមានសារៈសំខាន់ ក្នុងការផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង និងរថយន្តអគ្គិសនី បានក្លាយជាចំណុចចរចាជាយុទ្ធសាស្ត្រ តាំងពីក្រុមហ៊ុនផលិតធំៗរបស់ចិន បានដាក់ចេញនូវការរឹតបន្តឹងលើការនាំចេញកាលពីឆ្នាំមុន។
គម្រោងបង្កើតឃ្លាំងស្តុករ៉ែសំខាន់ៗរបស់អាមេរិក នឹងប្រើដើមទុនឯកជនប្រមាណ ១.៧ពាន់លានដុល្លារ រួមជាមួយប្រាក់កម្ចីប្រហែល ១០ពាន់លានដុល្លារ ពីធនាគារនាំចេញ-នាំចូលអាមេរិក (EXIM) ។
មន្ត្រីសេតវិមានម្នាក់និយាយថា គម្រោងនេះ បង្កើតឡើងដើម្បីធានាសុវត្ថិភាព និងស្តុកទុករ៉ែសំខាន់ៗសម្រាប់អាជីវកម្ម ដូចជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា ដោយបម្រើជាឃ្លាំងស្តុកសម្រាប់វិស័យឯកជនអាមេរិក ។
បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ឃ្លាំងស្តុករ៉ែសំខាន់ៗដែលលោកប្រធានាធិបតី Donald Trump គ្រោងនឹងប្រកាសនាពេលខាងមុខនេះ មានគោលបំណងស្នូល គឺដើម្បីកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន ទៅតាមពេលវេលា ។ ហើយឃ្លាំងនេះ ត្រូវបានគេរំពឹងថា នឹងមានស្តុកទុកទៅដោយ ទាំងរ៉ែកម្រ និងរ៉ែសំខាន់ៗ រួមជាមួយសារធាតុសំខាន់ៗផ្សេងទៀត ។
យោងតាមរបាយការណ៍សង្ខេប ស្ដីពីធនធានរ៉ែប្រចាំឆ្នាំ ២០២៥ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រអាមេរិក (USGS) បានបង្ហាញថា ប្រទេសចិនមានរ៉ែកម្រច្រើនជាងគេបំផុតក្នុងពិភពលោក រហូតដល់ ៤៤លានតោនឯណោះ ហើយមហាយក្សអាស៊ីនេះ ក៏គ្រប់គ្រងរហូតដល់ទៅប្រមាណ ៧០% នៃការកែច្នៃរ៉ែកម្រទូទាំងពិភពលោកផងដែរ នេះបើតាមប្រភពពីសារព័ត៌មាន Al Jazeera ៕
ប្រភព ៖ CNA និង Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា
